ថ្មីនេះលោក លីម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដីខេត្តកណ្តាល ដែលល្បីល្បាញខាងពុករលួយនិងមានរឿងអាស្រូវច្រើនបែបច្រើនយ៉ាងនោះត្រូវបានដកហូតតំណែងរួចទៅហើយ ដោយថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីបានដាក់មន្ត្រីថ្មីជំនួសតំណែងនេះ។ បើតាមប្រភពពីមន្ត្រីនៅក្នុងមន្ទីររៀបចំដែនដីខេត្តកណ្តាល បានឲ្យដឹងថា កាលលោក លីម ចាន់សូភី នៅធ្វើជាប្រធានមន្ទីររៀបចំដែនដីខេត្តកណ្តាល គឺប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ជាពិសេសលោក លីម ចាន់សូភី ឃុបឃិតឲ្យឧកញ៉ា ភឺន ផល្លា ដែលជាមន្ត្រីយោធាពាក់ផ្កាយ២ ហើយមានតួនាទីជាមេបញ្ជាការរងកងពលតូចលេខ៧០ ធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីបឹងសាធារណៈរបស់រដ្ឋនៅស្រុកកៀនស្វាយ ស្រុកលើកដែក និងស្រុកស្អាង តាមអំពើចិត្ត។
ប្រភពពីមន្ត្រីក្នុងមន្ទីររៀបចំដែនដីខេត្តកណ្តាលបានរំលឹកថា ក្នុងតំណែងជាប្រធានមន្ទីររៀបចំដែនដីខេត្តកណ្តាល នាពេលកន្លងមកនោះគឺលោក លីម ចាន់សូភី ប្រព្រឹត្តអំពើពុករលួយពេញទំហឹង ព្រោះអាងមានខ្នងបង្អែករឹងមាំ។ ជាងនេះទៅទៀតលោក លីម ចាន់សូភី ត្រូវជាដន្លងរបស់លោក អ៊ាវ ចំរើន អតីតស្នងការនគរបាលខេត្តកណ្តាល ផងដែរទើបហ៊ានឃុបឃិតឲ្យឧកញ៉ា ភឺន ផល្លា ប្រើឥទ្ធិពលអំណាចទន្ទ្រានកាន់កាប់ដីបឹងសាធារណៈរបស់រដ្ឋជាច្រើនកន្លែងក្នុងខេត្តកណ្តាលយ៉ាងអនាធិបតេយ្យបំផុត។ មានន័យថា ការដកតំណែងលោក លីម ចាន់សូភី ពីប្រធានមន្ទីររៀបចំដែនដីខេត្តកណ្តាល ហើយដកជំនួសដោយលោក សុក កាន់ណារិទ្ធ ជំនួសនោះគឺជារឿងសមស្រប ហើយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក លីម ចាន់សូភី និងបក្ខពួកផងដែរ។
ជុំវិញបញ្ហាខាងលើនេះមជ្ឈដ្ឋាននានាបានកត់សម្គាល់ថា លោក លីម ចាន់សូភី ត្រូវបានដកហូតចេញពីតំណែងប្រធានរៀបចំដែនដីខេត្តកណ្តាល រួចជាស្រេចទៅហើយ ដោយសារជាប់ពាក់ព័ន្ធរឿងអាស្រូវនិងអំពើពុករលួយច្រើនបែបច្រើនយ៉ាង។ ដោយឡែកលោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយខ្លាំងជាងលោក លីម ចាន់សូភី ទៅទៀតនោះមិនទាន់ត្រូវបានថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីចាត់វិធានការដូចលោក លីម ចាន់សូភី នៅឡើយទេ។ ប្រការនេះហើយទើបលោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ កំពុងបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយបក្ខពួកនិយម គ្រួសារនិយមយ៉ាងកំរោលដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ ព្រោះអាងមានបង្អែករឹងមាំនៅក្នុងក្រសួងរៀបចំដែនដី។ ទន្ទឹមនឹងនេះលោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ តែងយកឈ្មោះលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ទៅប្រើដើម្បីការពារទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនយ៉ាងសុខស្រួល៕