ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើប២គ្រឿងបុកគ្នានៅផ្លូវបែកជាបួនក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញៈ រថយន្តស៊េរីទំនើប២គ្រឿងបុកគ្នានៅផ្លូវបែកជាបួនក្រឡាប់ផ្ងារជើង សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១កែងនឹងផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តហ្វតរ៉េនជ័រ មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-1719 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូង ចំណែករថយន្តម៊ែកសឺដេស ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2M-8787 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៤ ក្នុង ទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុរថយន្តទាំង២គ្រឿងបានបុកគ្នាពេញទំហឹងបណ្តាលឲ្យរថយន្តហ្វតរ៉េនជ័រក្រឡាប់ផ្ងារជើងទ្រមេឃ សំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពីក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖