ក្រសួងកសិកម្មរបស់ប្រទេសចិនបានបញ្ជាក់ថា ជំងឺផ្តាសាយបក្សី H5N6 បានផ្ទុះឡើងស្ថិតនៅខេត្តស៊ីឈួន ភាគនិរតីរបស់ប្រទេសចិន ហើយថា រហូតមកដល់ពេលនេះ មិនមានករណីជំងឺនេះឆ្លងទៅកាន់មនុស្សនោះឡើយ ។
ក្រសួងកសិកម្មចិនបានថ្លែងការណ៍ថា «ជំងឺផ្តាសាយបក្សី H5N6 បានកើតឡើងនៅកសិដ្ឋានមួយកន្លែង នៅក្នុងតំបន់ Xichong នៃទីក្រុង Nanchong ខេត្តស៊ីឈួន» ។ សត្វបក្សីក្នុងស្រុកចំនួន២៤៩៧ក្បាល មាន ១៨៤០ក្បាលបានឆ្លងជំងឺផ្តាសាយនេះ ហើយបានងាប់ជាបន្តបន្ទាប់ ។ អាជ្ញាធរក្នុងតំបន់បាននិងកំពុងមានវិធានការចាំបាច់ដើម្បីបង្ការ ការពារមិនឲ្យជំងឺនេះឆ្លងរាលដាលបានទេ ។ សត្វចិញ្ចឹមប្រហែល ២ ២៦០ក្បាលត្រូវសម្លាប់ចោល ។
ក្រសួងកសិកម្មចិនដដែលបានបញ្ជាក់ថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២០ មានករណីជំងឺផ្តាសាយបក្សី H5N1 បានផ្ទុះឡើងនៅក្នុងសង្កាត់ Shuangqing ទីក្រុង Shaoyang នៅក្នុងខេត្ត Hunan ផងដែរ ។
គួររំលឹកថា ជំងឺ H5N1 កាលពីអំឡុងទសវត្សរ៍មុនបានឆ្លងរាលដាលពាស់ពេញពិភពលោក និងសម្លាប់មនុស្សអស់ជាច្រើននាក់ ។ វាបានផ្ទុះដំបូងគេនូវជំងឺនេះក្នុងឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១០ ហើយផ្ទុះឡើងសារជាថ្មីក្នុងឆ្នាំ២០១៣ដល់ឆ្នាំ២០១៤ ។ ទាំងពីរដំណាក់កាលនេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា សហគមន៍អន្តរជាតិបានខិតខំយ៉ាងខ្លាំងទប់ទល់ជាមួយការឆ្លងរាលដាលប្រកបដោយគ្រោះថ្នាក់នៃវីរុសនេះ ។
វីរុសនេះឆ្លងពីសត្វទៅលើមនុស្ស និងឆ្លងពីមនុស្សទៅកាន់មនុស្ស បើសិនជាពុំមានការការពារឲ្យបានម៉ត់ចត់ទេនោះ ហើយអាចបង្កគ្រោះថ្នាក់ដល់បាត់បង់អាយុជីវិត ៕