ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹង មិនព្រមចូលដេក បែរជារករឿង និងវាយម្តាយបងប្អូនរបួសធ្ងន់ ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹង មិនព្រមចូលសម្រាកទេ បែរជារករឿងក្រុមគ្រួសារ វាយម្តាយ និងប្អូនស្រីឲ្យរងរបួសថែមទៀត ហើយការប្រើអំពើហិង្សានេះត្រូវបានក្រុមគ្រួសារទៅប្តឹងនគរបាលប៉ុស្តិ៍ឲ្យឃាត់ខ្លួនជនសង្ស័យយកទៅចាត់ការតាមច្បាប់ ។

ហេតុការណ៍នេះកើតឡើងកាល ពីវេលាម៉ោង ១២ និង៣០ នាទី រសៀល ថ្ងៃ ចន្ទ ២ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ នៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

មន្រ្តី្តនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរឬស្សី បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ជនសង្ស័យឈ្មោះ បូ សុភ័ក្ត្រា ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ បានផឹកស្រាស្រវឹងជោកជាំ ។ លុះមកដល់ផ្ទះស្រាប់បានរួចរករឿងឈ្លោះជាមួយក្រុមគ្រួសារ រហូតប្រើហិង្សាវាយម្ដាយបង្កើត ប្អូនស្រី និងបងប្រុសរបស់ខ្លួន បណ្ដាលឲ្យរបួសទៀតផង ។ ដោយសារតែទ្រាំការគំរាមកំហែង និងការប្រើអំពើហិង្សាពីសំណាក់ជនសង្ស័យរូបនេះ ត្រូវបានក្រុមគ្រួសាររទ់ទៅប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំអូរឬស្សីឲ្យឃាត់ខ្លួនជនសង្ស័យយកទៅចាត់ការតាមច្បាប់តែម្តង ។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនគរបាលខេត្តកំពង់ឆ្នាំងចាត់ការតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖