ខេត្តបាត់ដំបង៖ នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោក លាង វាសនា អភិបាលរងក្រុងបាត់ដំបងបានដឹកនាំមន្ត្រីជំនាញ និងកម្លាំងពាក់ពន្ធ័ចុះឃ្លាំចាំមើលត្រង់ចំណុចខាងលិចផ្សារធំថ្មី ហៅផ្សារណាត់ ក្រុចបាត់ដំបង រហូតបានប្រទះឃើញស្ត្រីម្នាក់ឈ្មោះ ថូ លក្ខិណា វ័យ១៧ឆ្នាំ រស់នៅក្នុងភូមិកម្មករបានយកសំរាមច្រកថង់ប្លាស់ស្ទីកមកបោះចោលនៅត្រង់ជ្រុងខាងលិច ឆៀងខាងត្បូងរបស់ផ្សារធំថ្មីហើយក្រុមការងារក៏សាកសួរណែនាំតម្រូវឲ្យធ្វើកិច្ចសន្យាដើម្បីបញ្ឍប់ រួចបង្ហោះជាសាធារណ:ជាការព្រមាន និងជូនដំណឹងដល់បណ្តាប្រជាពលរដ្ឋមួយចំនួនតូចទៀតកុំឲ្យប្រព្រឹត្តដូចបែបនេះ ។
លោក អភិបាលរងក្រុង បានបន្តថា ការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនេះស្របតាមការអភិវឌ្ឍន៍របស់សង្គមជាតិម៉្យាងទៀតជៀសវាងការបំពុលបរិស្ថានប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ពិសេសការប៉ះពាល់ទៅលើអារម្មណ៍របស់ភ្ញៀវទេសចរណ៍ដែលកំពុងផ្តោតការចាប់អារម្មណ៍លើគោលដៅចំណាស់មានភាពទាក់ទាញមួយនេះ ។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងធ្លាប់បានបញ្ជាក់ថា៖ គំនរសំរាមឋិតនៅចំណុចមួយចំនួនក្នុងក្រុងនេះមិនមែនជាការរៀបចំដោយអាជ្ញាធរទេ ផ្ទុយទៅវិញជាសំរាមដែលប្រជាពលរដ្ឋនៅម្តុំនោះលួចយកទៅបោះចោលពេលយប់ និងពេលទៀបភ្លឺដោយមិនមានស្មារតីភ្ញាក់រលឹកចូលរួមសម្អាតបរិស្ថានទីក្រុងលំនៅដ្ឋានទីសាធារណ:ឡើយ ប៉ុន្តែអាជ្ញាធរក្រុងបាននឹងកំពុងជំរុញដល់ក្រុមហ៊ុនប្រមូលសំរាមហើយឲ្យចុះប្រមូលសំរាមតាមគោលដៅផ្សេងៗឲ្យបានទានពេលវេលា ។
បច្ចុប្បន្នប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបងមានចំនួនជាង១លាននាក់ក្នុងនោះប្រជាពលរដ្ឋនៅក្នុងក្រុងដែលប្រើប្រាស់សេវាប្រមូល និងទុកដាក់សំរាមមានចំនួន១៥ម៉ឺននាក់បានបង្កើតឡើងនូវសំរាមក្នុងបរិមាណពី១០០ទៅ១៤៥តោនក្នុងមួយថ្ងៃៗ សូមបងប្អូនដែលរស់នៅក្នុងខេត្តបាត់ដំបងត្រូវតែស្ដាប់សេចក្តីណែនាំ កុំយកសំរាមចាក់ចោរឬបោះចោល ត្រូវយកមកដាក់ធុង ៕ ស សារ៉េត