ខេត្តមណ្ឌលគិរី ៖ ក្រុមការងារអង្គការWCSដែនជម្រកសត្វព្រៃកែវសីមា និងអាជ្ញាធរមូលដ្ឋានបានចុះទៅជួយសង្គ្រោះដំរីឈ្មោលជំទង់មួយក្បាល អាយុប្រហែល ២០ឆ្នាំ ដែលធ្លាក់ចូលក្នុងរណ្តៅជ្រៅមួយស្ថិតនៅតំបន់ទីវាលនិងឫស្សីក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ដំរីមួយក្បាលនេះ ត្រូវជួយសង្គ្រោះនៅព្រឹកថ្ងៃ ១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថិតនៅតាមព្រំប្រទល់រវាងដែនជម្រកសត្វព្រៃកែវសីមា និងអតីតដែនជម្រកសត្វព្រៃស្នួលដែលបានទទួលរងការកាប់បំផ្លាញកាលពីជាង ១០ឆ្នាំមុនមគហើយនោះ។
ពលរដ្ឋម្នាក់រស់នៅភូមិអូរអាម បាននិយាយឲ្យដឹងថា គាត់បានឮសូរសម្លេងដំរីស្រែកខ្លាំងៗស្ថិតនៅចម្ងាយប្រហែល២០០ម៉ែត្រខាងក្រោយផ្ទះរបស់គាត់កាលពីល្ងាចថ្ងៃម្សិលមិញ។ នៅព្រឹកបន្ទាប់ ម៉ោងប្រហែល ៩ព្រឹក គាត់បានដើររកមើលនិងបានប្រទះឃើញដំរីមួយក្បាលកំពុងព្យាយាមឡើងចេញពីរណ្តៅនោះ។ បន្ទាប់មក គាត់ក៏ប្រញាប់ជិះម៉ូតូមករាយការណ៍ជូនមន្ត្រីនៅស្នាក់ការដែនជម្រកសត្វព្រៃកែវសីមាអំពីហេតុការណ៍នោះ។
បន្ទាប់មកក្រុមការងារនៃបុគ្គលិកអង្គការ WCS មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមា និងអាជ្ញាធរមូលដ្ឋាន បានចុះទៅធ្វើចំណាត់ការជាបន្ទាន់ដើម្បីជួយសង្គ្រោះដំរីនោះចេញពីរណ្តៅ។ ដំបូងសមត្ថកិច្ចជំនាញបានពិនិត្យឃើញថា ដំរីនោះហាក់ថមថយកម្លាំងខ្លាំងដោយសារខំប្រឹងឡើងចេញពីរណ្តៅ ទើបកម្លាំងនាយកដែនជម្រកសត្វព្រៃកែវសីមា បានស្នើសុំអន្តរាគមន៍ពីក្រុមពន្លត់អគ្គិភ័យខេត្តយករថយន្តទឹកមួយគ្រឿងមកបាញ់ទឹកដាក់លើខ្នងដំរី ដើម្បីឲ្យវាសើមស្បែកនិងមានកម្លាំងប្រឹងចេញពីរណ្តៅ។ដី ចំណែកឯ ក្រុមការងារសង្គ្រោះបានប្រើចបកាប់កាយធ្វើជម្រាលមាត់រណ្តៅឲ្យទាបបន្តិចដើម្បីឲ្យដំរីងាយស្រួលប្រឹងឡើងចេញបានស្រួល។ ក្រោយពីចំណាយពេលធ្វើជម្រាលអស់រយៈពេលជាងមួយម៉ោងមក ដំរីមួយក្បាលនេះប្រឹងលូនឡើងចេញពីរណ្តៅបានសម្រេច ហើយពេលឡើងពីរណ្តៅរួចវាហាក់ដូចជាគិតថាមនុស្សម្នារដែលជួយវានោះជាអ្នកធ្វើឲ្យវាធ្លាក់រណ្តៅខឹងពេកក៏រត់ដេញឈូសមនុស្សរត់ប្រញាយរួចក៏គេចចូលទៅក្នុងព្រៃបាត់ទៅ ៕ ប្រាថ្នា