ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនប្តីដែលប្រើកាំភ្លើងបាញ់ប្រពន្ធរបួសធ្ងន់ និងឃាត់ខ្លួនបក្ខពួក២នាក់ទៀត ជាមុខសញ្ញាលួច

ចែករំលែក៖

ខេត្តតាកែវ៖ កម្លាំងនគរបាលខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ដោយម្នាក់ពាក់ព័ន្ធករណីឃាតកម្មប្រើកាំភ្លើងបាញ់ប្រពន្ធរបួសធ្ងន់ ត្រង់ចំណុចភូមិត្រពាំងព្រេច ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ហើយព្យាយាមរត់គេចខ្លួនមកភ្នំពេញ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានព្រមទាំងបក្ខពួក២នាក់ទៀត ជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋានខេត្ត ។

មន្រ្តីនគរបាលស្រុកបាទី បានឲ្យដឹងថា កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីឃាតកម្ម និងករណីលួច នៅចំណុចមុខបន្ទាយង៧០ ស្ថិតសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ វត្ថុតាងដកហូតបាន៖ កាំភ្លើងខ្លីម៉ាកK59 ១ដើម ; ម៉ូតូ០២គ្រឿង និងសម្ភារមួយចំនួន ។

មន្រ្តីដដែលបន្តថា យោងតាមដំណើររឿង កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ផូ ថុន ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិឈើលំ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានយកកាំភ្លើងបាញ់ទៅលើ ជនរងគ្រោះជាប្រពន្ធឈ្មោះ កង នី អាយុ ៣៥ ឆ្នាំ ត្រង់ចំណុចភូមិត្រពាំងព្រេច ឃុំត្រពាំងក្រសាំង ស្រុកបាទី បណ្ដាលឲ្យរបួសធ្ងន់ ហើយរត់គេចខ្លួនបាត់ស្រមោល មកលាក់ខ្លួននៅរាជធានីភ្នំពេញ ។ មូលហេតុ៖ ទំនាស់ពាក្យសំដី(ជនសង្ស័យជាអតីតប្តី ដែលបានលែងលះគ្នាយូហើយ ជនសង្ស័យខឹងជនរងគ្រោះវាយកូន) ។

ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួកចំនួន២នាក់ទៀត៖ ទី១ឈ្មោះ ហុន រិទ្ធី ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅភូមិបឹងក្អែក ឃុំពានមានជ័យ ស្រុកពាមរ៏ក ខេត្តព្រៃវែង ;និងទី២ ឈ្មោះ រីម រ៉ាន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ (អ្នកទាំង២មុខសញ្ញាលួចម៉ូតូ) ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖