ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលនៃអធិការ ស្រុកម៉ាឡៃ ឃាត់ខ្លួន បន្ទាប់ពីចាក់សម្លាប់កម្មករសំណង់ដូចគ្នាក្នុងរឿងមាន់ជុះអាចម៍ដាក់កន្លែងដេក កាលពីព្រលប់ ថ្ងៃទី 12 ខែកុម្ភៈ ឆ្នាំ 2020 ក្នុង ភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោក បេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃបានឲ្យដឹងថា បន្ទាប់ពីមានករណីឃាតកម្មខាងលើសមត្ថកិច្ចរបស់លោកបានចុះទៅដល់កន្លែងកើតហេតុ និងបានសង្គ្រោះជនរងគ្រោះឈ្មោះ រតនា ភេទប្រុស អាយុ 33 មានទីលំនៅ ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានមកធ្វើកម្មករសំណង់ធ្វើផ្ទះ និងស្នាក់នៅផ្ទះឈ្មោះ យុកសារ៉េត ភេទ ស្រី អាយុ 58 ឆ្នាំនៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ក៏បានឈ្លោះប្រកែកគ្នា រឿងមាន់ជុះអាចម៍ដាក់កន្លែងដេក គ្នាចុះឡើង ក៏ឈ្មោះខួច ភេទប្រុស អាយុ 32 ឆ្នាំ មានទីលំនៅភូមិបន្ទាយជ័យ ឃុំបន្ទាយជ័យ ស្រុកចំការលើ ខេត្តកំពង់ចាម បានមកស្នាក់នៅជាកម្មករសំណង់ដូចគ្នា ជាមួយនឹងជនរងគ្រោះ បានយកកាំបិតបត់ស្ទុះចាក់ទៅលើឈ្មោះ រតនា ចំទ្រូងក្រោមដោះឆ្វេងលិចមួយកាំបិតចុងស្រូចបណ្ដាលឲ្យចុកឈាមរហូតស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ស្រុក ស្រុកម៉ាឡៃនៅវេលាម៉ោង៦ និង៥០នាទី ព្រលប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ។
ក្រោយកើតហេតុ ជនសង្ស័យឈ្មោះ អូន ខួចបានរត់គេចខ្លួនមួយយប់ ទៅពួនសម្ងំនៅគុម្ពឫស្សីជាប់ព្រំដែនកម្ពុជា ថៃ ក្នុងឃុំអូរសំព័រ ដើម្បីបម្រុងគេចខ្លួនទៅប្រទេសថៃ តែត្រូវនគរបាល ស្រុកសហការជាមួយនគរបាលការពារព្រំដែនគោក តាមសា្រវជ្រាវចាប់មកវិញ កាលពីវេលាម៉ោង៩ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។
បន្ទាប់ពីចាប់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចនគរបាល ស្រុកម៉ាឡៃបានប្រគល់ជនសង្ស័យទៅខាងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាល ខេត្តបន្ទាយមានជ័យ យកទៅស្នងការនគរបាល ខេត្តដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ៕ វណ្ណា