ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន ១៤គ្រួសារ ដែលរស់នៅក្នុងភូមិទី៣៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង (នៅខាងជើងផ្សារសុវណ្ណា) កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បាននាំគ្នាលើកបដា ក្នុងគោលបំណងទទូចសុំដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មេត្តាជួយធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាលំនៅស្ថានរបស់ពួកគាត់ បន្ទាប់ពីតុលាការសម្រេចឲ្យរុះរើចេញ ទោះបីជាពួកគាត់បានទិញផ្ទះល្វែងពីក្រុមហ៊ុនឈ្មោះ កូវ អ៊ាងឡាយ និង អ៊ូ ប៊ន រស់នៅទីនេះអស់រយៈពេល១៦ឆ្នាំមកហើយ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ តុលាការបានចេញដីកាអនុវត្តន៍ដោយស្ម័គ្រចិត្ត តម្រូវឲ្យប្រជាពលរដ្ឋចំនួន ១៤គ្រួសារខាងលើនេះ ត្រូវរុះរើលំនៅស្ថាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។ ដោយអ្នកស្នើសុំតុលាការឲ្យចេញដីកានេះ មានឈ្មោះ លឹម ស៊ុនលី ។
បើតាមប្រជាពលរដ្ឋ កាលពីឆ្នាំ២០០៤ ពួកគាត់បានទិញផ្ទះល្វែងពីក្រុមហ៊ុនឈ្មោះ កូវ អ៊ាងឡាយ និង អ៊ូ ប៊ន ដោយពិនិត្យទៅឃើញថា ទីតាំងនោះមានលិខិតផ្លូវច្បាប់ត្រឹមត្រូវ ដែលចេញដោយអាជ្ញាធរ មានសមត្ថកិច្ច។ ពួកគាត់អះអាងថា ក្រុមហ៊ុន កូវ អ៊ាងឡាយ បានទិញដីនៅទីតាំងនោះពីលោក ឥត សារ៉ាត់ ។
អ្នកស្រី កែវ ស្រីណែត ដែលជាប្រជាពលរដ្ឋរងគ្រោះ បានប្រាប់ថា អ្នកស្រីមិនដឹងថាមានមូលហេតុអ្វីនោះទេ បានជាតុលាការសម្រេចឲ្យពួកគាត់រុះរើផ្ទះគាត់ចេញ ខណៈដែលម្តាយរបស់គាត់បានទិញផ្ទះនេះពីឈ្មោះ កូវ អ៊ាងឡាយ គឺមានការទទួលស្គាល់ពីអាជ្ញាធរ និងខាងមន្ទីរសុរិយោដីចុះវាស់វែងត្រឹមត្រូវ ប៉ុន្តែមិនមានប្លង់រឹងកាន់កាប់នោះទេ ។
លោកស្រីបន្តថា ហើយបើសិនជាពួកគាត់រើផ្ទះនេះចេញ តែក្រុមគ្រួសារគាត់ទៅរស់នៅឯណា ព្រោះនេះជាដីកេរ៍ដែលឪពុកម្តាយចែកឲ្យ ។ ដោយលោកស្រី បានលើកដៃសំពះ និងសំណូមពរថា «សូមសម្តេចជួយមើល ថា ប្រជាពលរដ្ឋរស់នៅទីនេះ មានភាពអយុត្តិធម៌ដែលឬទេ ។
ជាមួយគ្នានោះដែរ លោកស្រី ពេជ្រ សាង បានឲ្យដឹងថា ខ្លួនទិញផ្ទះនេះតាំងពីឆ្នាំ២០០៤ ពីក្រុមហ៊ុន កូវ អ៊ាងឡាយ និងអ៊ូ ប៊ន ដែលក្រុមហ៊ុននោះ សាងសង់១១៩ល្វែង ។ កាលទិញនោះ គាត់មើលទៅឃើញថា មានច្បាប់សាងសង់ចេញពីមន្ទីរសុរិយោដីក្រុង ចៅហ្វាយក្រុង ដែលសុទ្ធតែដឹងលឺទាំងអស់ ប៉ុន្តែពេលឥឡូវ ឆ្នាំ២០២០ ស្រាប់តែខាងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមកថាឲ្យប្រជាពលរដ្ឋចំនួន ១៤គ្រួសារ ត្រូវរើរុះចេញពីផ្ទះនេះទៅវិញ ។
ជាចុងក្រោយប្រជាពលរដ្ឋរងគ្រោះចំនួន១៤គ្រួសារ បានលើកដៃសំពះ ដោយទឹកមុខស្រពោននិងអស់សង្ឃឹមយ៉ាងខ្លាំងដោយសរសេរលើបដា «សូមឲ្យសម្តេចតេជោ ហ៊ុន សែន ជួយធ្វើអន្តរាគមន៍ និងមានការចេញប្លង់រឹងឲ្យពួកគាត់ផង ព្រោះផ្ទះទាំងអស់នេះគឺពួកគាត់បានទិញពីក្រុមហ៊ុនឈ្មោះ កូវ អ៊ាងឡាយ និង អ៊ូ ប៊ន អស់រយះ១៦ឆ្នាំមកហើយ ។ បើមិនអញ្ចឹងទេ ពួកខ្ញុំអត់មានផ្ទះនៅឡើយ កូនចៅដែលរៀនសូត្រក៏ប៉ះពាល់អារម្មណ៍ធ្ងន់ធ្ងរដែរ»។
ដោយឡែកក្រោយបង្កការភ្ញាក់ផ្អើលនោះ លោក ធឹម សំអាត អភិបាលខណ្ឌបឹងកេងកង បានចុះទៅដល់ទីតាំងផ្ទុះការតវ៉ានោះ ដោយអញ្ចើញឲ្យប្រជាពលរដ្ឋទាំង ១៤គ្រួសារ មកសាលាខណ្ឌដើម្បីរកដំណោះស្រាយណាមួយជាមួយភាគីលោក លឹម ស៊ុនលី ដែលជាអ្នកស្នើសុំតុលាការឲ្យចេញដីកានេះ ៕ស រស្មី