ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀននិងទើបចេញពីពន្ធនាគារម្នាក់ វាយធ្វើបាបប្រពន្ធខ្លួនឯងយ៉ាងញឹកញាប់ ធ្វើឲ្យស្រ្តីជាប្រពន្ធទទួលរងរបួសពេញខ្លួន រហូតប្រពន្ធទ្រាំពុំបានមកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពុកឫស្សីដើម្បីចាត់ការតាមនីតីវិធីច្បាប់ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១រំលងអធ្រាត្រ ត្រង់ចំណុចភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខាន់ ចំរើន ហៅ បារាំង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រីឯស្ត្រីរងគ្រោះឈ្មោះ អូន ស្រីនាវ អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនសង្ស័យនិងស្ត្រីរងគ្រោះមានទីលំនៅភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប្រភពដដែលបន្តថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន១ដង និងពន្ធនាគារព្រៃសចំនួន១ដង ក្នុងករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយកន្លងមកជនសង្ស័យប្រើអំពើហិង្សាក្នុងគ្រួសារវាយប្រពន្ធជាច្រើនលើកច្រើនសារមកហើយដែរ ។ ក្រោយមកដោយមិនអាចរស់នៅជាមួយជនសង្ស័យ ស្ត្រីរងគ្រោះបានគេចចេញពីផ្ទះទៅរកការងារធ្វើឯរាជធានីភ្នំពេញ ។
លុះមកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ជនសង្ស័យ បានជិះម៉ូតូរបស់ខ្លួនឌុបឈ្មោះបា តាំ ទៅរាជធានីភ្នំពេញ ទៅយកប្រពន្ធ លុះដល់វេលាម៉ោង០១:០០នាទីរំលោងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែឆ្នាំដដែល ជនសង្ស័យបានដឹកប្រពន្ធមកផ្ទះវិញដោយជិះតាមផ្លូវបណ្ដើវវាយប្រពន្ធតាមផ្លូវបណ្ដើរ បណ្ដាលឲ្យ ត្រូវចំមុខត្រូវចំភ្នែក និងដើមដៃស្តាំជាច្រើនដៃ បណ្តាលឲ្យមានរបួសជាំហើម ខណៈមកដល់ផ្ទះ ធ្វើឲ្យប្រពន្ធខ្លាចមិនហ៊ានរស់នៅជាមួយជនសង្ស័យ មកដល់ថ្ងៃទី១៣ ខែកុម្ភះ ទើបស្រ្តីរងគ្រោះ បានមកដាក់ពាក្យបណ្តឹងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីអនុវត្តតាមផ្លូវច្បាប់តែម្ដង ៕ ស្អាងជ័យ