ព័ត៌មានទាន់ហេតុការណ៍៖

ដឹកដំឡូងក្រៀមបង្កប់ឈើប្រណិតពីក្រោមត្រូវសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើរវៀងបង្រ្កាបបាន

ចែករំលែក៖

ខេត្តព្រះវិហារៈ រថយន្តសណ្ដោងមួយគ្រឿងដែលមានស្លាកលេខកំពង់ចាម 3A 6742 បានផ្ទុកឈើអារ រាប់សឹបម៉ែត្រគូបត្រូវបានជំនាញរដ្ឋបាលព្រៃឈើរវៀង ក្របួចបានកាលពីយប់ ថ្ងៃ អង្គារ ៣ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ នៅចំណុចភូមិអូប៉ូ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។

មន្រ្តីរដ្ឋបាលព្រៃឈើរវៀងថា រថយន្តសណ្ដោងដែលបង្កប់ដោយឈើអារាប់សឹបម៉ែត្រគូបនេះ បានចេញដំណើរពីស្រុកជាំក្សាន្តលើកំណាត់ផ្លូវជាតិលេខ62 ឆ្លងកាត់ទីរួមខេត្តព្រះវិហារ ដោយដាក់បាវដំឡូងមីក្រៀមពីលើ និងដាក់ឈើពីក្រោមរាប់សឹបម៉ែត្រគូបដើម្បីបំភ័ន្ឌភ្នែកសមត្ថកិច្ចនិងមហាជន តែរថយន្តផ្ទុកឈើខាងលើនោះត្រូវបានអស់ល័ក្ខណ៍ សមត្ថកិច្ចដឹងចាប់ឃាត់ទុកតែម្តង។

នាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុំ ស៊ីវុត្ថា បានបញ្ជាក់ថា ក្រោយពីបានទទួលបទបញ្ជាយ៉ាងតឹងរឹងពីលោក ប្រាក់ សុវណ្ណ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្នុងការបង្ការ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ជាពិសេសការដឹកជញ្ជូនផលនុផលព្រៃឈើ លោកបានចាត់កម្លាំងសង្កាត់ផ្នែកចុះប្រទ្រុយតាមគោលដៅដែលខ្លួនទទួលខុសត្រូវ ក៍ប្រទះឃើញរថយន្តសណ្ដោងមួយគ្រឿងខាងលើបានផ្ទុកបាវដំឡូងមីក្រៀមពីលើ ក៍បានឃាត់ធ្វើការត្រួតពិនិត្យ។ ពេលដែលកម្លាំងត្រួតពិនិត្យស្រាប់តែអ្នកបើកបរ និងព្រូបានចុះរត់ចោលរថយន្តបាត់ស្រមោលភ្លាមៗ ខណៈពេលនោះកម្លាំងបានរកឃើញឈើនៅក្នុងរថយន្តរាប់សឹបម៉ែត្រគូបដែលជាប្រភេទឈើអារដែលគ្មានលិខិតស្នាមណាមួយបញ្ជាក់ថាការដឹកជញ្ជូនឈើនោះវាស្របច្បាប់ឬក៍ល្មើសច្បាប់នោះទេ។

លោកបញ្ជាក់បន្ថែមថា ក្រោយពីពិនិត្យរួចរាល់ឃើញថាមានបទល្មើសព្រៃឈើ លោកក៍បាននាំរថយន្តខាងលើមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីធ្វើការវាស់វែងឈើផ្ទុកក្នុងរថយន្ត និងធ្វើជារបាយការណ៍បញ្ជូនមកកាន់ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារចាត់ការបន្ត ៕ ប្រាថ្នា


ចែករំលែក៖