ព័ត៌មានទាន់ហេតុការណ៍៖

ជួញដូរអាវុធខុសច្បាប់ ត្រូវនគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់ នៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩កន្លងទៅ ត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបាន តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះលេខ២អា ផ្លូវលេខ២៨៤ ភូមិ៧ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

លោកវរសេនីទោ ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា យោងតាមដីការចាប់ខ្លួនលេខ១២២០ ដចន ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង៉ែត ចាន់បូរី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់គ្រឿងសំណង់ ស្នាក់នៅផ្ទះលេខ២អា ផ្លូវលេខ២៨៤ ភូមិ៧ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ( ជនសង្ស័យពុំធ្លាប់ប្រើប្រាស់គ្រឿងញៀននោះទេ) ។

លោកវរសេនីទោ ស៊ឹម ពិសិដ្ឋ បន្តថា យោងតាមដំណើររឿងហេតុ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបឹងកេងកង និងនគរបាលប៉ុស្ដិ៍រដ្ឋបាលអូរឡាំពិក បានសហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យខាងលើតាមដីការចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ លេខ១២២០ ដចន ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ពីបទជួញដូរអាវុធខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០១៩ ។ បន្ទាប់មកសមត្ថកិច្ចជំនាញ បាននាំខ្លួនជនសង្ស័យមកប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរឡាំពិក ដើម្បីសាកសួរបន្ត ។

បច្ចុប្បន្ន ជនសង្ស័យបញ្ជូនទៅឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការរដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការតាមនីវិធី ៕ស រស្មី


ចែករំលែក៖