ខេត្តព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ បានសម្រេចអញ្ជើញទៅកាន់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam ដែលកំពុងចតនៅកំពង់ផែក្រុងព្រះសីហនុ ហើយសម្តេចតេជោ នឹងថ្លែងសារទៅកាន់ជនរួមជាតិកម្ពុជាពីខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងកិច្ចការជួយរបស់កម្ពុជាលើកប៉ាល់ខ្នាតយក្សរបស់អាមេរិកមួយនេះ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសារនៅលើ Facebook ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «អរគុណសន្តិភាព! ដោយសារតែកម្ពុជាមានសន្តិភាពទើប ខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវា ទេសចរណ៏ដ៏ធំដែលគ្មានកន្លែងចូលចតឱយមកចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ ដើម្បីជួយដល់អ្នកដែលស្ថិតនៅលើ នាវាអស់រយៈពេល១៣ថ្ងៃ មកហើយឱយបានវិលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព។ ព្រឹកថ្ងៃ១៤ កុម្ភៈ ២០២០ ខ្ញុំនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុ ក្នុងឋានៈជាម្ជាស់ផ្ទះដែលមានសាមគ្គីភាពនិងការទទួលខុសត្រូវ។
សុំអរគុណអង្គការសុខភាពពិភពលោក និងប្រទេសនានា ដែលមានពលរដ្ឋខ្លួន ស្ថិតនៅលើនាវាដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។
ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេលលំបាក»។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា ការអនុញ្ញាតឱ្យនាវានេះចូលគឺបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោក។ កម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈអ្នកទេសចរលើនាវាកំពុងជួបគ្រោះអាសន្ន។
កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។
យោងតាមបញ្ជីអ្នកដំណើរបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្សនេះផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់ ៕