ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូគេជិះថាទៅផ្ទះមិត្ដភក្ដិមួយភ្លែត តែបែរជាជិះទៅបាត់ធ្វើឲ្យម្ចាស់ម៉ូតូប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ បានខ្ចីម៉ូតូគេជិះថាទៅលេងផ្ទះមិត្ដភក្ដិមួយភ្លែត បន្ទាប់ពីបានម៉ូតូហើយក៏ជិះទៅបាត់រហូត ពុំឲ្យម្ចាស់គេវិញទេ លុះ៣ថ្ងៃក្រោយមក ម្ចាស់ម៉ូតូបានប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួនតែម្ដង ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២២និង១០នាទី ត្រង់ចំណុចភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆែម ឆោម ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិឆ្មាពួន ឃុំ ជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ ហាច ចាន់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៥០ ពណ៌ខៀវ (ជាម៉ូតូចាស់) ជិះចេញពីផ្ទះរបស់ខ្លួនភូមិឃ្លាំងសម្បត្តិឃុំ ពត់សរ ស្រុកបាទី ខេត្តតាកែវ មកលេងផ្ទះឈ្មោះ ណាត ភេទប្រុស នៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ពេលមកដល់ផ្ទះឈ្មោះ ណាត ជនរងគ្រោះ និងម្ចាស់ផ្ទះ រួមទាំងជនសង្ស័យបាននាំគ្នាផឹកស្រាអស់ចំនួនមួយលីត្រ ពេលនោះជនសង្ស័យ ឲ្យជនរងគ្រោះឲ្យជិះម៉ូតូជូនខ្លួនទៅលេងផ្ទះឈ្មោះ មុត ភេទប្រុស នៅភូមិឃុំជាមួយជនសង្ស័យ ខណៈមកដល់ផ្ទះឈ្មោះ មុត ក៏នាំគ្នាអង្គុយជជែកគ្នាលេង លុះដល់ម៉ោងកើតហេតុជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះថា ទៅផ្ទះមិត្តភក្តិមួយភ្លែត ហើយក៏ទៅបាត់រហូតតែម្ដង ។ លុះមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក ជនរងគ្រោះបានឃើញជនសង្ស័យ ក៏ចាប់ខ្លួនជនសង្ស័យ រួចប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ជើងកើប ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖