ព័ត៌មានទាន់ហេតុការណ៍៖

ដូចគេថតកុន រថយន្តហាយឡិនឌ័រមួយគ្រឿងឆេះនៅសល់តែឆ្អឹងដែកដោយសារម្ចាស់បើកធ្លាក់ផ្លូវ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង: ប្រៀបដូចជាគេថតកុន ខណៈគេឃើញរថយន្តទំនើបមួយគ្រឿងក្លាយជាចំណីព្រះអគ្គីនៅសល់តែឆ្អឹងដែក ដោយសារតែម្ចាស់ជាអ្នកបើកបរប្រើប្រាស់ល្បឿនលឿនហើយពេលមកដល់ចំណុចផ្លូវកោងបត់មិនរួចក៏ធ្លាក់ចុះចូលទៅព្រៃប៉ះនឹងថ្មបាយក្រៀមធំៗបណ្ដាលឲ្យបែកផ្កាភ្លើងនិងឆាបឆេះពេញបន្ទុកតែម្តង។

ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃ អាទិត្យ ៨ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

រថយន្ត១គ្រឿងនេះម៉ាកតូយ៉ូតា ហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BB-4707 ហើយក្រោយពេលកើតហេតុ មន្ត្រីជំនាញបានចុះដល់ទីតាំង ធ្វើការត្រួតពិនិត្យភ្លាមៗ ។

ទាក់ទិនឧបទ្ទវហេតុនេះសមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុកទឹកផុសបានឲ្យដឹងថា មុនពេលគើតហេតុគេឃើញម្ចាស់រថយន្តជាអ្នកបើកបរ(មិនស្គាល់អត្តសញ្ញាណ)បានប្រើប្រាស់ក្នុងល្បឿនលឿនហើយខណ:មកដល់ចំណុចផ្លូវកោងបត់មិនរួចក៏ធ្លាក់ចុះចូលទៅព្រៃជាប់នឹងថ្នល់ទៅប៉ះនឹងថ្មបាយក្រៀមធំៗជាច្រើនកន្លែង បណ្ដាលឲ្យបែកផ្កាភ្លើងព្រាកៗគួបផ្សំហូរសាំងចញពីក្នុងរថយន្តមកផងធ្វើឲ្យភ្លើងឆាបឆេះពេញបន្ទុកតែម្តង។សំណាងល្អម្ចាស់រថយន្តបើកទ្វារចេញរួច។

ប្រភពដដែលបន្តថា បន្ទាប់មកម្ចាស់រថយន្តបានឡើងជិះរថយន្តឈ្នួលចេញពីកន្លែងកើតហេតុទៅបាត់ ដោយមិនខ្វល់នឹងរថយន្តរបស់ខ្លួនដែលកំពុងមានភ្លើងឆាបឆេះនោះឡើយ ។ជាមួយនេះដែរក្រោយភ្លើងឆេះអស់គ្មានសល់ ទើបកម្លាំងជំនាញនគរបាលស្រុកយករថយន្តពន្លត់អគ្គិភ័យ១គ្រឿងទៅជួយធ្វើអន្តរាគមន៍តែហួសពេលទៅហើយបានត្រឹមស្ទូចយកឆ្អឹងដែករថយន្តទៅរក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីទុកប្រគល់ជូនទៅម្ចាស់ដើមវិញប៉ុណ្ណោះ៕ ប្រាថ្នា


ចែករំលែក៖