ខេត្តកណ្តាល៖ បងប្អូនបង្កើតដែលប្រសូត្រចេញពីផ្ទៃតែមួយបានក្លាយទៅជាសត្រូវនឹងគ្នា គ្មានថ្ងៃចប់ឡើយដោយសារតែរឿងតូចធ្វើឲ្យទៅជារឿងធំបានប្រមូលផ្តុំគ្នាវាយតប់ទៅវិញទៅមករហូតដល់មានរបួសទាំងសងខាង ។
ករណីនេះ បានកើតឡើងតាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ នៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ឥឡូវនេះរើឡើងវិញតាមរយៈការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ។
ពាក់ព័ន្ធករណីនេះរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ លោកព្រឺម ប៊ុនធឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបន្ទាយដែកបានប្រាប់អ្នកយកពត៍មានតាមទូរស័ព្ទដូច្នេះថា ករណីបងប្អូនបង្កើតវាយតប់គ្នារបួសទាំងសងខាងនេះ គឺកើតចេញពីទំនាស់ពាក្យសំដីប្រែក្លាយជាហិង្សា ។ តាមការលើកឡើងរបស់ស្ត្រីឈ្មោះលឹម ណែម អាយុ៦៥ឆ្នាំ ដែលត្រូវជាបងស្រីបង្កើតរបស់ពូឈ្មោះលឹម ផុន បានប្រាប់ថា អ៊ំស្រីរួមជាមួយកូនស្រី បានជួលតូបលក់ដូរឲ្យទៅកូនប្រុសរបស់ឈ្មោះលឹម ផុន ដើម្បីលក់ថ្នាំពេទ្យ ។ កន្លងមកអ្នកជួលតូបតែងតែបង់លុយជារៀងរាល់ខែ ស្រាប់តែ៣ខែចុងក្រោយនេះភាគីខាងលោកពូលលឹម ផុន មិនបង់លុយថ្លៃជួលតូបឲ្យទៅភាគីខាងលឹម ណែម នោះទេ ថែមទាំងប្តឹងភាគីខាងលឹម ណែម ទៅសាលាឃុំទៀតពាក់ព័ន្ធរឿងលក់ដីបឹងដែលជាដីរួមរបស់គ្រួសារ ។
លោកនាយប៉ុស្តិ៍បានបន្តថា ទំនាស់រឿងលក់ដីបឹងបានរាលដាលមកដល់តូបជួលលក់ដូរទើបភាគីខាងឈ្មោះលឹម ផុន មិនព្រមបង់លុយថ្លៃជួលតូបចំនួន៣ខែ ឲ្យទៅភាគីខាងលឹម ណែម ដោយរង់ចាំឲ្យអាជ្ញាធរឃុំដោះស្រាយសិន ។ អាជ្ញាធរឃុំមិនទាន់ដោះស្រាយផង ស្រាប់តែនៅថ្ងៃកើតហេតុ កូនប្រុសរបស់ឈ្មោះលឹម ផុន ដែលជាអ្នកជួលតូបបើកលក់ថ្នាំពេទ្យ និងបើកសេវ៉ាកម្មWING បានជួលជាងឲ្យលាបថ្នាំតូបទៅតាមការណែនាំរបស់ក្រុមហ៊ុន វីង ដោយមិនសុំការអនុញ្ញាតិពីម្ចាស់តូបឡើយ ហើយត្រូវម្ចាស់តូបបដិសេធមិនឲ្យលាប ។ បន្ទាប់ពីមានការបដិសេធបានធ្វើឲ្យភាគីបងប្អូនបង្កើតមានទំនាស់ពាក្យសំដីដោយភាគីម្ខាងៗ ចង់ឈ្នះរៀងខ្លួន រហូតក្លាយជាហិង្សាវាយតប់គ្នាទៅមករបួសទាំសងខាង ក្នុងនោះភាគីខាងលឹម ណែម មានគ្ន៤នាក់ ហើយភាគីខាងលឹម ផុន មានគ្នា៣នាក់ តែភាគីខាងលឹម ផុន របួសស្រាល ចំណែលភាគីខាងលឹម ណែម របួសកូនស្រីប៉ោងភ្នែកខាងឆ្វេង ។
លោកនាយប៉ុស្តិ៍បានបន្តទៀតថា បន្ទាប់ពីកើតជម្លោះក្នុងគ្រួសារ នាយរងប៉ុស្តិ៍២នាក់បានចុះទៅកន្លែងកើតហេតុ ដើម្បីសម្របសម្រួល ។ ក្រោយមកកូនស្រីរបស់អ៊ំស្រីឈ្មោះលឹម ណែម ដែលរងរបួសប៉ោងភ្នែកខាងឆ្វេងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដោយទាមទារសំណង៣០ម៉ឺនរៀល តែភាគីខាងកូប្រុសរបស់ឈ្មោះលឹម ផុន មិនព្រមបង់លុយឲ្យទេ ស្នើសុំឲ្យសមត្ថកិច្ចធ្វើតាមផ្លូវច្បាប់ ។ ទោះជាមានការសម្របសម្រួលយ៉ាងណាក៍មិនត្រូវគ្នាដែរ ព្រោះគិតថាជាបងប្អូនបង្កើត និងគ្នាមិនគួរណាឈ្លោះគ្នាសោះធ្វើឲ្យរឿងតូចរីកទៅជារឿងធំ ។
លោកនាយប៉ុស្តិ៍បានបដិសេធថា ចំពោះការលើកឡើងថា សមត្ថកិច្ចរារាំងមិនឲ្យអ្នករបួសទៅពេទ្យនោះ គឺមិនពិតទេមានតែណែនាំឲ្យទៅព្យាបាលបឋមនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកស្រុក ប៉ុន្តែក្រោយពីវាយតប់គ្នារបួសទាំងសងខាងហើយកើតកំហឹងនោះ បានធ្វើឲ្យភាគីទាំង២ឡើងឈាម ហើយសុំសម្រាកនៅផ្ទះ ដល់ពេលរសៀលទើបទៅពេទ្យ ។
ជាចុងក្រោយលោកនាយប៉ុស្តិ៍បានបញ្ជាក់ថា បញ្ហាបងប្អូនបង្កើតមានទំនាស់វាយតប់គ្នារបួសទាំងសងខាងនេះនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងនគរបាលព្រហ្មទណ្ទកំរិតស្រាលរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលសហការជាមួយកម្លាំងនគរ បាលព្រហ្មទណ្ទស្រុកកៀនស្វាយបានចុះមកធ្វើកំហេតុជាថ្មីម្តងទៀតហើយដើម្បីរកឲ្យឃើញខាងណាបង្ក ខាងណារងគ្រោះ ៕ សណ្តោស