ភ្នំពេញ៖ តាមប្រភពព័ត៌មានពីក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា កាលពីព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង PMU-ADB and WB MOWRAM បានដឹកនាំក្រុមការងារក្រសួង មន្ទីរ និងក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទៅពិនិត្យលើវឌ្ឍនភាពការអនុវត្តគម្រោង ADB Loan No. 3289 គម្រោងប្រព័ន្ធធារាសាស្រ្តតំបន់ខ្ពង់រាប និងផ្នែកគ្រប់ គ្រងវិស័យធនធានទឹក ត្រង់ភូមិសាស្រ្តប្រព័ន្ធធារាសាស្រ្តអូរក្រញ៉ាក ស្ថិតក្នុងស្រុកសណ្តាន់ និងប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
ការដឹកនាំក្រុមការងារនេះត្រូវត្រួតពិនិត្យលើប្រព័ន្ធមួយចំនួនដូចជា៖ ១.ពិនិត្យលើវឌ្ឍនភាពរបស់ការងារការដ្ឋានប្រព័ន្ធធារាសាស្រ្តអូរក្រញ៉ាក។ ២.ពិនិត្យលើកិច្ចដំណើរការ(ស.ក.ប.ទ) ប្រព័ន្ធធារាសាស្រ្តអូរក្រញ៉ាក។ ៣.ពិនិត្យលើសុពលភាព នៃប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង។ ៤.ពិនិត្យលើកិច្ចប្រតិបត្តិការ និងដំណើរការលិខិតបទដ្ឋានផ្សេងៗរបស់ (ស.ក.ប.ទ) ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង។
ក្រោយពីពេលបានទទួលនូវការសហការជាមួយនឹង(ADB)រួចមក លើតំបន់អនុគម្រោងទាំងពីរ ត្រូវបានធ្វើការជួសជុលស្តារឡើងវិញ និងធ្វើទំនើបកម្មរួចរាល់មក ប្រជាកសិករមានទឹកប្រើប្រាស់គ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព និងមាននិរន្តរភាព។ បងប្អូនប្រជាកសិករនៅទីនោះបានថ្លែងអំណរគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យ លោក លឹម គានហោ ធ្វើការអនុវត្តនូវគម្រោង (ADB) ទាំងពីរនេះឡើងប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ។
លោកអនុរដ្ឋលេខាក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការណែនាំឱ្យ ស.ក.ប.ទ. នៃប្រព័ន្ធធារាសាស្រ្តទាំងពីរខាងលើ ធ្វើការថែទាំប្រព័ន្ធធារាសាស្រ្តឱ្យបានត្រឹមត្រូវ ហ្មត់ ចត់ ធានាបាននូវនិរន្តរភាព ហើយធ្វើការប្រើប្រាស់ប្រកបដោយសមធម៌ក្នុង (ស.ក.ប.ទ.) ទាំងមូល ។
សូមបញ្ជាក់ថា លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំដោយផ្ទាល់លើការសិក្សា និងគ្រោងប្លង់លម្អិតលើអនុគម្រោងប្រព័ន្ធធារាសាស្រ្តទាំងពីរខាងលើ ក្រោយពេលដែលលោករដ្ឋមន្រ្តី បានទទួលសំណើផ្ទាល់ពីបងប្អូនប្រជាកសិករនៅទីនោះរួចមក ហើយម្យ៉ាងទៀតក្រោយសង្រ្គាមតំបន់អនុគម្រោងទាំងពីរខាងលើស្ថិតក្នុងលក្ខ ខណ្ឌប្រទាញ់ប្រទុងគ្នា ធ្វើឱ្យប្រព័ន្ធធារាសាស្រ្តទាំងនេះ គ្មានការថែទាំត្រឹមត្រូវគោករាក់ រហូតដល់បាត់ដានលើផ្នែកមួយចំនួន ៕