ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះពលរដ្ឋ៣ខ្នង ខាតបង់មាស២០ដំឡើង លុយខ្មែរ២០លាន រៀល ប្រាក់ដុល្លា៥មុឺនដុល្លារ និងសម្ភារជាច្រើនទៀត

ចែករំលែក៖

ខេត្តក្រចេះ៖ ផ្ទះចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុង និងមួយខ្នងទៀត ឆេះអស់ជញ្ជាំងមួយចំហៀង ហើយទ្រព្យសម្បត្តិជាច្រើនត្រូវបាត់បង់អស់ដោយសារភ្លើងឆេះ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២កន្លះរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុច ខាងក្រោយវត្តឈ្នៃ ភូមិឈ្នៃ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា
ផ្ទះចំនួន២ផ្ទះ ឆេះអស់ទាំងស្រុង និង១ផ្ទះទៀត ឆេះអស់ជញ្ជាំងមួយចំហៀង ព្រោះបានបាញ់ទឹកពន្លត់ទាន់ពេល ទើបមិនបណ្តាលឱ្យឆេះរាល់ទៅផ្ទះដទៃទៀត។

ប្រភពបន្តម្ចាស់ផ្ទះរងគ្រោះ ទី១ ឈ្មោះ ហុក វុទ្ធា ភេទប្រុស អាយុ៤៦ឆ្នាំ ប្រពន្ធឈ្មោះ គឹម សេង. ឆេះផ្ទះមានទំហំ៧ម៉ែត្រ
គុណ១២ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងថ្មក្រោម ឆេះអស់ទាំងស្រុង ខូចខាតសម្ភារទាំងអស់រួមមានមាសអស់ចំនួន២០ដំឡឹង និងប្រាក់រៀលចំនួន២០លានរៀល ម៉ូតូចំនួន៦គ្រឿង និងសម្ភារផ្សេងៗជាច្រើនទៀតសរុបប្រហែល៥ម៉ឺនដុល្លារទៀត។

ប្រភពបន្តទៀតថា ហេតុការណ៍នេះបង្កឡើង ដោយសារឆ្លង់ចរន្តអគ្គិសនីម្ចាស់ផ្ទះមិននៅ ហើយបាន ចាក់សោចោល ទៅលក់ដូរនៅផ្សារឆ្លូង ។

ឯម្ចាស់ផ្ទះទី២ ឈ្មោះ អ៊ុច សុភ័ក្រ ភេទស្រីអាយុ៦៦ឆ្នាំ (ជាស្រ្តីមេម៉ាយ) ឆេះផ្ទះទំហំ៧×២០ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងអស់ទាំងស្រុង ខូចខាតសម្ភារ និងផ្ទះ គិតជាប្រាក់ អស់ប្រហែល៥ម៉ឺនដុល្លារ។

ម្ចាស់ផ្ទះរងគ្រោះ ទី៣ឈ្មោះ នង រ៉ាន់ ភេទប្រុសអាយុ៦៧ឆ្នាំ ឆេះអស់ជញ្ជាំងមួយចំហៀងដែលមាន ទំហំ៨×១៣ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ខូចខាតអស់ប្រហែល៦ពាន់ដុល្លារ ដោយឆេះឆ្លងពីផ្ទះទី២។

ពេលហេតុការណ៍កំពុងឆេះផ្ទះទាំង៣ម្ចាស់នេាះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០៥គ្រឿង មានរថយន្តពន្លត់អគ្គិភ័យរបស់ ស្នងការដ្ឋានខេត្តក្រចេះចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥ រថយន្តនិងរថយន្តអធិការដ្ឋាននគបាលស្រុកឆ្លូង ចំនួន១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៧ រថយន្ត រួមទាំងរថយន្តមកពីអធិការដ្ឋាននគបាលស្រុកក្រូចឆ្មារ ចំនួន១គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ២រថយន្តហើយមានរថយន្តស៊ីទែនជំនួយចំនួន១គ្រឿងទៀត ប្រើប្រាស់ទឹកអស់ចំនួន១៦ម៉ែត្រគូប ប្រើទឹកសរុបអស់ចំនួន១៥រថយន្តស្មើនឹងចំនួន៩៥ម៉ែត្រគូប ។

ករណីនេះ ពុំមានបង្កគ្រោះថ្នាក់ដល់មនុស្សណាមួយឡើយ ក្នុងប្រតិបត្តិការចុះអន្តរាគមន៍ បាញ់ពន្លត់នេះបានដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ច្រឹង ផល្លី ស្នងការរង នឹង លោកវរៈសេនីយ៍ឯក ឆុង តូរ៉ាន់អធិការស្រុកឆ្លូង រួមប្រើកំលាំងរួមចំនួន៤០នាក់ផងដែរ ដោយប្រើពេលក្នុងការបាញ់ពន្លត់ មានរយ:២ម៉ោង ទើបរលត់ទាំងស្រុង នៅរសៀលថ្ងៃដដែលនោះ។

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ ស្រុកឆ្លូង មានហេតុការណ៍ភ្លើងឆេះផ្ទះពលរដ្ឋផ្ទួនៗគ្នា ដោយនៅសប្តាហ័មុននេះ ក៏មានករណីភ្លើងឆេះផ្ទះបងប្អូនឥស្លាម អស់ចំនួន៣ខ្នង ផ្ទះដូចនឹងរកណីឆេះពេលនេះដែរ៕ជីវ័ន្ត


ចែករំលែក៖