ព័ត៌មានទាន់ហេតុការណ៍៖

មាស សុខសោភា នឹងបញ្ចេញបទចម្រៀងថ្មីក្រោយលេចដំណឹងចេញពីផលិតកម្មថោន

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះមាស សខសោភា ត្រូវបានគេទម្លាយថានឹងដើរចេញពីផលិតកម្មថោន ក្នុងពេលដ៏ខ្លីខាងមុខ។ ក្រោយលេចចេញដំណឹងមួយនេះ នាងក៏បានត្រៀមបញ្ចេញបទចម្រៀងចង្វាក់ប្រជាប្រិយមួយចំនួនក្នុងពេលខាងមុខផងដែរ ។

មិនទាន់មានការបញ្ជាក់ឲ្យចំហ និងផ្ទាល់មាត់នៅឡើយពីសំណាក់ តារាចម្រៀង មាស សុខសោភា និងបងប្រុស លោកមាស សុខរតនៈនោះ ទេ ជុំវិញដំណឹងនៃការចាកចេញរកទ្រនុំថ្មីបន្ទាប់ពីឈរជើងនៅផលិតកម្មថោនអស់ជិត១០ឆ្នាំ ។

ទោះជាយ៉ាងណាប្រភពដែលអាចយកជាការបានលើកឡើងថា នាងកំពុងតែពិចារណាផលិតកម្មធំៗចំនួន២ ទី១គឺផលិតកម្មសាន់ដេ ដែលនាងធ្លាប់ជ្រកកាលពីប្រមាណ១០ឆ្នាំមុន និងទី២គឺផលិតកម្មហង្សមាសដែលជាផលិតកម្មនាំមុននៅក​ម្ពុជានោះ។ មានការលើកឡើងថា តារាស្រីរូបនេះកំពុតែពិចារណានៅឡើយជុំវិញលក្ខខណ្ឌ ការងារ និងផលប្រយោជន៍ដែលទទួលបានពីការចេញទៅរកទ្រនុំថ្មី ខណៈនៅថោន តារាស្រីរូបនេះច្រៀងទាំងមិនមានកិច្ចសន្យានោះទេ។ មានការលើកឡើងថា តារាស្រីរូបនេះមានឈ្មោះបោះសំឡេងស្រាប់ បើបទោះបីជានាងច្រៀងនៅផលិតកម្មតូច ឬធំសុទ្ធតែអាចរក្សាលំនឹងនៃប្រជាប្រិយភាពរបស់នាងដដែល សំខាន់គឺនាងត្រូវសំឡឹងមើលពីលក្ខខណ្ឌ និងផលប្រយោជន៍ដែលទទួលបាន។ អ្នកសិល្បៈម្នាក់ដែលស្និទ្ធិនឹងនាងលើកឡើងថា នាងចាប់ផ្តើមអស់ចិត្តនឹងផលិតកម្មថោនក្រោយពីនាងមិនទទួលបានការយកចិត្តទុកដាក់ច្រើនដូចមុន ហើយថ្មីៗនេះគេបានឃើញនាងជួបជាមួយថ្នាក់ដឹកនាំនៃផលិតកម្មធំៗពីរខាងលើ ។

ប្រភពថាបើទោះបីជាពេលនេះនាងចាប់ផ្តើមទទួលយកការងារដែលផលិតដោយផលិតកម្មនសាន់ដេក្តីក៏មិនទាន់ប្រាកដថាតារាស្រីរូបនេះនឹងចូលច្រៀងក្នុងផលិតកម្មនោះដែរ ហើយអ្វីដែលប្រាកដបន្ថែមគឺនាងបានត្រៀមបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរដើម្បីអបអរសាទរឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខផងដែរ គឺក្នុងផលិតកម្មផ្ទាល់ខ្លួន ដែលមានមិនក្រោម៥បទនោះទេ ពិសេសបទចម្រៀងចង្វាក់កន្ទ្រឹម និងរាំវង់។

ប្រភពថាគេនៅរង់ចាំយ៉ាងតិចដើមខែមីនាខាងមុខដើម្បីឲ្យដឹងប្រាកដថាតារាស្រីរូបនេះនឹងចូលច្រៀងក្នុងផលិតកម្មមួយណា ខណៈផលិតកម្មចាស់គឺផលិតកម្មថោន ក៏បានព្យាយាមសម្របសម្រួលការងារ និងបងប្រុសនោះដែរ៕ វឌ្ឍនា


ចែករំលែក៖