ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ១ក្រុម វាយប្លន់យកម៉ូតូឌ្រីមសង់២០២០ពីយុវជនពីរនាក់ មិនប៉ុន្មានម៉ោងផងត្រូវសមត្ថកិច្ចក្របួចទាំងសំបុក

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ១ក្រុមធ្វើសកម្មភាពជិះម៉ូតូដេញប្លន់ម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០២០ពីយុវជនពីរនាក់បានសម្រេច កាលវេលាម៉ោង១០ និង៣០យប់ ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវព្រះរោត្តម ចំណុចគល់ស្ពានអាកាសក្បាលថ្នល់ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រហូតសមត្ថកិចស្រាវជាវចាប់បាន៦នាក់ជាបន្តបន្ទាប់ ។

ជនរងគ្រោះមានឈ្មោះ ឈិន សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបជាងឈើ ស្នាក់ នៅបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ម៉ូតូដែលត្រូវជនសង្ស័យវាយប្លន់ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កណ្តាល 1AH.9763 ជិះដោយយុវជន២នាក់ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទី១.មានឈ្មោះ ទូច ឃួន ភេទប្រុស អាយុ១៩ឆ្នាំ ទី២.មានឈ្មោះ សើរ កដ្ដា ភេទប្រុស អាយុ១៥ឆ្នាំ ទី៣.មានឈ្មោះសើរ ចាន់ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ទី៤.មានឈ្មោះ ចន្ថា វិឆ្ឆិកា ភេទប្រុស ១៧ឆ្នាំ ទី៥.មានឈ្មោះ នន រតនា ភេទប្រុសអាយុ២២ឆ្នាំ ទី៦.មានឈ្មោះ សុខា វីរៈបុត្រ ភេទប្រុស អាយុ១៩ឆ្នាំ ជិះម៉ូតូធ្វើសកម្មភាពចំនួន៣គ្រឿង ទី១ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1T.1445 ។ ទី២ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1D.9549 និងមួយទៀតម៉ាកឌ្រីមសង់ មិនចាំស្លាកលេខ ។

យោងតាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេជិះម៉ូតូ៣ទៅ៤គ្រឿងចេញពីផឹកស៊ីមួយកន្លែង ចំណែករូបគាត់ពីនាក់ជិះមួយគ្រឿងម៉ាកឌ្រីមសង់០២០ ជិះចេញមកមុនដោយធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវនរោត្តម ខណៈពេលនោះមានជនសង្ស័យ១ក្រុមធ្វើសកម្មភាពដេញវាយប្លន់ពីស្តុបចំការមនរហូត មកដល់ចំណុចកើតហេតុខាងលើកបានដួលម៉ូតូដោយភ័យខ្លាំងពេកកបានរត់ចោលម៉ូតូដោយឃើញឱកាសល្អជនសង្ស័យបានឡើងជិះម៉ូតូជនរងគ្រោះជិះគេចខ្លួន បាត់ស្រមោល ។

ក្រោយកើតហេតុជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។ មិនបានប៉ុន្មានម៉ោងផងនោះ សមត្ថកិច្ចស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញាក្របួចបានទាំងសំបុកនៅផ្ទះសំណាក់៣៤២ចំណុចមុខផ្សារ សុវណ្ពា បាន៤នាក់ និងតាមចាប់ជាបន្តបន្ទាប់បាន២នាក់បន្ថែមទៀតសរុបទាំងអស់៦នាក់ ។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនមកអធិការដ្ឋានខណ្ឌចំការមន ដើម្បីសាកសួរ និងធ្វើកំណត់ហេតុបញ្ចូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់តាមច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖