ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ១២ឆ្នាំជួយរាយខ្សែភ្លើងក្នុងរោងការ ចៃដន្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការស្រែកផ្អើលឆោឡោដល់អ្នកភូមិ និងក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះលើកក្មេងប្រុសដាក់ពួនខ្សាច់ចាក់ទឹកកប់ ប៉ុន្តែហួសពេលទៅហើយ បន្ទាប់ពីជួយរាយខ្សែភ្លើងពូនៅក្នុងរោងការឆ្លងចរន្តអគ្គិសនីឆក់កាលពីវេលាម៉ោង៤ និង៤០នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិព្រៃតាយឹង ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះខាងលើមានឈ្មោះ លី ភារុណ អាយុ១២ឆ្នាំ ជាសិស្សមានបងប្អូន៤នាក់ ខ្លួនជាកូនទី៤ ហើយទំនេរជួយពូដើរដាក់ភ្លើងតាមរោងបុណ្យរោងការរស់នៅភូមិឃុំកើតហេតុខាងលើដែលមានម្តាយឈ្មោះ យ៉ាន អាយុ៤៧ឆ្នាំ និងឪពុកឈ្មោះ ខុន អាយុ៤៨ឆ្នាំ ដែលធ្វើការសំណង់នៅខេត្តកំពត អស់ដោយផ្ញើកូនទាំងបួននាក់នៅនឹងបងប្អូន និងម្តាយ (ត្រូវជាយាយ) ជាអ្នកមើលថែ ។

យោងតាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះជនរងគ្រោះខាងលើបានជួយរាយខ្សែភ្លើងដាក់ក្នុងរោងការគេមួយកន្លែង ខណៈកំពុងរាយខ្សែភ្លើងនោះពូក៏បានបោះខ្សែភ្លើងរំលងខ្សែភ្លើងខ្មៅ តែបែរជាបោះទៅទើលើខ្សែភ្លើងមេ (ខ្សែភ្លើងរដ្ឋគឺខ្សែកាបស្រាត) ដែលមានកំលាំងភ្លើងខ្លាំបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ខ្លោចខួនខ្លោចប្រាណស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុតែម្តង ។

ក្រោយពីមានករណីឆ្លងចរន្តអគ្គិសនីឆក់មនុស្សរួចមកសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច័យពិនិត្យលើសាកសពរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖