ព័ត៌មានទាន់ហេតុការណ៍៖

ចាប់មន្ត្រីយោធាកងវិស្វកម្មម្នាក់ ក្រោយលើកគ្នាទៅវាយ និងកាប់ពលរដ្ឋដល់ផ្ទះ 

ចែករំលែក៖

ខេត្តព្រៃវែង៖ ដោយសារតែទំនាស់រឿងរថយន្តដឹកដីរបស់ប្រជាពលរដ្ឋ និងរថយន្តដឹកដីរបស់មន្ត្រីយោធាកងវិស្វកម្មក្រសួងការពារជាតិម្នាក់ បានលើកគ្នាប្រមាណជា ១០នាក់ ទៅកាប់និងវាយប្រជាពលរដ្ឋដល់ផ្ទះ បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលស្រុកពាមជរ ចុះទៅអន្តរាគមន៍ចាប់ខ្លួនបានមន្រ្តីយោធាម្នាក់ ។ ចំណែកបក្ខពួកផ្សេងទៀតនាំគ្នារត់គេចខ្លួនបាត់អស់ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅភូមិពងទឹក ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។

លោកវរសេនីយ៍ឯក ជា ហេង អធិការនគរបាលស្រុកពាមជរ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនដៃដល់ម្នាក់ឈ្មោះ សោ សុផល ហៅស្វិត ភេទប្រុស អាយុ២៦ឆ្នាំ ជាមន្ត្រីយោធា នៃកងវិស្វកម្មក្រសួងការពារជាតិ ហើយបានប្រគល់ជូនប៉ុស្តិ៍រដ្ឋបាលឃុំក្រាំងតាយ៉ង ។

ប្រភពដដែលបន្តថា ករណីហិង្សាខាងលើនេះ បង្កឡើងដោយក្រុមជនដៃដល់ជាមន្រ្តីយោធា នៃកងវិស្វកម្មក្រសួងការពារជាតិ មានគ្នីគ្នាប្រមាណជា ១០នាក់ បានលើកគ្នាមកកាប់និងវាយទៅលើក្រុមប្រជាពលរដ្ឋដល់ផ្ទះ ដែលរស់នៅភូមិឃុំខាងលើ បណ្តាលរងរបួសទាំងសងខាង ។ មូលហេតុទំនាស់ពាក្យសំដី ។ ក្រោយពីកើតហេតុភ្លាមៗ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុក រួមជាមួយលោកអភិបាលស្រុក និងកម្លាំងមូលដ្ឋានភូមិឃុំ បានចុះទៅដល់កន្លែងកើត ក្នុងនោះក៏បានឃាត់ខ្លួនមន្ត្រីយោធាម្នាក់ភ្លាមៗផងដែរ ។

លោកអធិការ បានបញ្ជាក់ថា រឿងដែលឈានដល់ប្រើអំពើហិង្សានេះ គឺកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ មានកម្មវិធី ខនសឺតមួយ ស្ថិតនៅភូមិតាហ៊ុយ ឃុំកំពង់ប្រសាទ ជាប់ព្រំប្រទល់ និងឃុំក្រាំងតាយ៉ង ។ ដោយក្នុងពិធីនោះ ក៏មានការផឹកស៊ីរហូតទាស់សម្តីគ្នាបន្តិចបន្តួច ។ លុះដល់ព្រឹកឡើងភាគីទាំងពីរ បានដឹកដីតាមផ្លូវតែមួយ ដោយក្រុមប្រជាពលរដ្ឋក៏មានរថយន្តដឹកដីដែរ ហើយក៏បានសួរឌឺដងដាក់គ្នាជាមួយក្រុមជនដៃដល់ថា យប់មិញមានរឿងអី? ទើបបង្កជាហិង្សាដាក់គ្នា ខណៈដែលក្រុមកងវិស្វកម្មលើកគ្នាប្រមាណជា១០នាក់ ប្រដាប់ដោយកាំបិត ; ដំបង ដេញវាយក្រុមប្រជាពលរដ្ឋ រហូតមកដល់ផ្ទះបង្កការភ័យខ្លាចដល់អ្នកភូមិ បានរាយការណ៍ប្រាប់អជ្ញាធរមានសមត្ថកិច្ច ចុះមកជួយធ្វើអន្តរាគមន៍តែម្តង ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកពាមជរ បានប្រគល់ជនសង្ស័យជាមន្ត្រីយោធា ឲ្យកម្លាំងកងរាជអាវុធខេត្តព្រៃវែង ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖