ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលខ្លាំងទាំងក្នុងនិងក្រៅចង្កោមអ្នកសិល្បៈក្រោយពីលេចដំណឹងថាតារាស្រីរាងតូចច្រឡឹង ឌុច លីដា សម្រាលបានកូនប្រុសម្នាក់ ទាំងដែលគេនៅមិនដែលដឹងសោះថានាងមានគូស្នេហ៍ ឬរៀបការពីពេលណា។
ដំណឹងនៃការសម្រាលកូនប្រុសរបស់ តារាសម្តែងស្រី ឌុច លីដា បានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង ពិសេសក្រោយពីនាងបានបង្ហាញទារកដ៏គួរឲ្យស្រលាញ់អមដោយពាក្យពេជ្រ យ៉ាងមានន័យដែលម្តាយនិយាយទៅកាន់កូន។ តារាស្រីរូបនេះនៅមិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយទោះជាយ៉ាងណាមិត្តរួនអាជីពក៏ភ្ញាក់ផ្អើលខ្លាំងព្រោះតែនាងលាក់លៀមរឿងគូស្នេហ៍បានយ៉ាងជិតហើយសម្រេចចិត្តទទួលយកកំណើតកូនប្រុសលើកដំបូងដោយមិនឆ្លងកាត់ការរៀបការនោះ។
ប្រភពបន្តថា ដំណឹងមានកូនរបស់តារាស្រីរូបនេះបានលេចឡើងកាលពីខែមករាមកម៉្លេះ ប៉ុន្តែក៏មិនមានអ្នកជឿច្រើនដែរ ប៉ុន្តែក្រោយពីបង្ហាញមុខកូន និងឈ្មោះឡេង កិត្យានី នោះកាន់តែធ្វើឲ្យអ្នកក្នុងចង្កោមអ្នកសិល្បៈជឿជាក់ថាជាដំណឹងពិត។ ងាកមកលើបណ្តាញសង្គមរបស់តារាស្រីរូបនេះវិញ នាងបានបញ្ចេញរូបថតជាច្រើនសន្លឹកជាមួយកូនប្រុសដ៏គួរឲ្យស្រលាញ់ អមដោយពាក្យថាជាកូនគឺជាកម្លាំងចិត្ត នាងថែមទាំងលើកឡើងថា មានកូនរួចមិនអាចទៅណាបានព្រោះតែកូនដ៏គួរឲ្យស្រលាញ់នៅជាប់នឹងដើមទ្រូង។
ទោះជាយ៉ាងណានៅមិនទាន់លេចចេញការរិះគន់ខ្លាំងៗនៅឡើយទេជុំវិញដំណឹងមានកូនមុនរៀបការរបស់តារាស្រីរូបនេះ៕ វឌ្ឍនា