ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋចំនួន១៥ខ្នងនិង៨០បន្ទប់ជួលត្រូវបានអគ្គិភ័យឆេះអស់គ្មានសល់

ចែករំលែក៖

ភ្នំពេញ ៖ ជាលើកទីពីរហើយដែលផ្ទះប្រជាពលរដ្ឋធ្វើអំពីឈើប្រក់ស័ង្កសីចំនួន១៥ខ្នងនិងបន្ទប់ជួលចំនួន៨០បន្ទប់ត្រូវបានអគ្គីភ័យលេបត្របាក់តែមួយពព្រិកភ្នែកអស់គ្មានសល់ ដែលផ្តើមចេញពីផ្ទះមួយជាប់ផ្ទះឆេះកាលពីជាង១ខែមុនដោយគេដាក់ការសង្ស័យថាបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសខណៈកំពុងដាំស្ល ។

ហេតុការណ៍នេះបានកើតឡើងនាម៉ោង៩និង២០នាទីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០ តាមអតីតផ្លូវរថភ្លើងចាស់ស្ថិតក្នុងក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញផ្ទះមួយខ្នងដែលឆេះដំបូងគេគឺនៅជាប់នឹងផ្ទះដែលឆេះកាលពីជាង១ខែមុន ឆេះយ៉ាងសន្ធោសន្ធៅហើយក៏ឆេះរាលដាលទៅផ្ទះជាប់ៗគ្នានោះយ៉ាងលឿន ។ ស្របពេលនោះគេឃើញអាជ្ញាធរសង្កាត់ ខណ្ឌនិងសមត្ថកិច្ចចំរុះហៅរថយន្តពន្លត់អគ្គីភ័យចុះជួយអន្តរាគមន៍ផងដែរ ។

ប្រភពបន្តថា បន្ទាប់ពីរថយន្តពន្លត់និងបង្ការអគ្គីភ័យប្រើប្រាស់ទឹកអស់ជាច្រើនគ្រឿងជាមួយនឹងកម្លាំងអាជ្ញាធរសមត្ថកិច្ចជួយអន្តរាគមន៍រួចមកធ្វើឲ្យអគ្គីភ័យបានរលត់វិញទាំងស្រុងក្នុងរយៈពេលប្រមាណជាង១ម៉ោងក្រោយមក។

បើតាមរបាយការណ៍បឋមស្តីពីករណីអគ្គីភ័យឆាបឆេះផ្ទះគឺបណ្តាលអោយឆេះផ្ទះអស់ចំនួន១៥ខ្នងផ្ទះ និង៨០បន្ទប់ជួល ដែលមូលហេតុដំបូងគឺគេដាក់ការសង្ស័យថាបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ពេលកំពុងដាំសម្លរ ទើបបង្កជាអគ្គិភ័យឆាបឆេះបែបនេះ ។

គ្រោះថ្នាក់ អគ្គីភ័យនេះគឺមិនបណ្ដាលអោយមានមនុស្សស្លាប់ នឹងរបួសឡើយហើយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុប ៤៣គ្រឿងអស់ទឹកសរុប៤៣រថយន្ត ។ អគ្គីភ័យខាងលើបានរលត់ទាំងស្រុងនៅវេលាម៉ោង ១០នឹង៣០នាទី ថ្ងៃដដែល។

សូមរំលឹកថា ផ្ទះប្រជាពលរដ្ឋអមតាមផ្លូវរថភ្លើងសង់ពីឈើប្រក់ស័ង្កសី១៦ល្វែងប្រមាណជា១៦៥បន្ទប់ ស្មើ ១៦៥គ្រួសារ ត្រូវ អគ្គិភ័យ ឆាបឆេះ អស់ទាំង ស្រុង កាលពីវេលា ម៉ោង ១ និង ៣០ នាទី យប់ រំលង អធ្រាត្រឈានចូល ថ្ងៃ ទី៦ ខែមករា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្រុម ទី ០១ ភូមិបាក់ទូក សង្កាត់ ទួល សង្កែ ទី ១ ខណ្ឌឫស្សីកែវ ហើយថ្ងៃនេះឆេះជាប់នឹងកន្លែងឆេះកាលពីជាងមួយខែមុននោះតែម្តង។

ការឆេះទ្រង់ទ្រាយធំជាលើកទីពីនេះធ្វើឲ្យប្រជាពលរដ្ឋខាតបង់ទ្រព្យសម្បត្តិអស់យ៉ាងច្រើនសន្ធឹកសន្ធាប់នឹងគ្មានជម្រស្នាក់នៅថែមទៀតហើយនេះជាលើកទីពីរដែលស្ថិតនៅតាមបណោយផ្លូវរថភ្លើងចាស់នេះ៕អរុណរះ


ចែករំលែក៖