ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងក្រុងស្វាយរៀងស្នើដល់ប្រជាពលរដ្ឋត្រូវត្រៀមឯកសារពាក់ព័ន្ធនឹងព្រំប្រទល់ដីឲ្យបានច្បាស់លាស់សម្រាប់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងស្នើដល់ប្រជាពលរដ្ឋត្រូវត្រៀមឯកសារពាក់ព័ន្ធ នឹងព្រំប្រទល់ដីឲ្យបានច្បាស់លាស់សម្រាប់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ។

មានប្រសាសន៍ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង ខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីធ្លារវត្តព្រៃឆ្លាក់ ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់លោក អ៊ូ សុភក្ដី អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង និងអស់លោកលោកស្រីមន្ទីពាក់ពន្ធ័លោកចៅសង្កាត់ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

លោកអភិបាលរងក្រុងស្វាយរៀងបានបន្តថា៖ ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ព្រោះថាបងប្អូនប្រជាពលរដ្ឋនឹងមាន ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់ សម្រាប់ដាក់បញ្ចាំខ្ចីប្រាក់ពីធនាគារសម្រាប់ប្រកបមុខរបរផ្សេងៗ, សម្រាប់ចែកបន្តដល់កូនចៅ ពិសេសមិនមានអ្នកណាអាចរំលោភបំពានបានឡើយ ។

លោក សរ សុដានី ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួម ត្រូវបន្តជួយផ្សព្វផ្សាយបន្តអ្នកដទៃទៀត ដែលមិនបានមកចូលរួមឲ្យបានយល់ដឹងអំពីនីតិវិធី​នៃការចុះបញ្ជីដីធ្លីមាន​លក្ខណៈ​ជាប្រព័ន្ឋ និងសំណូមពរ​ដល់​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ឋ រួមទាំងប្រជាពលរដ្ឋ​អ្នក​កាន់​​​កាប់ដីនៅក្នុង​តំបន់​វិនិច្ឆ័យនេះ សូមជួយផ្តល់ភាពងាយស្រួល និង​ចូលរួមសហការឲ្យ​បាន​ល្អជា​មួយ​​​ក្រុមការ​ងារ​ចុះបញ្ជីដីធ្លី ដើម្បីឲ្យ​ការអនុវត្ត​នីតិវិធីនៃការ​ចុះបញ្ជីដីធ្លីមាន​លក្ខណៈ​ជាប្រព័ន្ឋប្រព្រឹត្តទៅ​ដោយរលូន និង​ជោគជ័យ ៕ យឹម សុថាន


ចែករំលែក៖