ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់ចូលលួចលុយគេដល់ក្នុងបន្ទប់ដេកម្ចាស់ផ្ទះឃើញទាន់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

កណ្ដាល ៖ ស្រ្ដីសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចចូលក្នុងបន្ទប់ដេកគេដើម្បីលួចលុយ តែពុំបានសម្រេចម្ចាស់ផ្ទះឃើញទាន់ក៏ធ្វើការឃាត់ខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ។ ករណីនេះ បានកើតឡើងវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៣ ខែមិនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ស្រ្ដីសង្ស័យឃាត់ខ្លួនបានឈ្មោះ គឺ គឹមយិន ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ត្រី បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ សង្តាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកស្រ្ដីរងគ្រោះឈ្មោះ មឿន គន្ធា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ/សង្កាត់កើតហេតុខាងលើ ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ ម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ- 1CN 5145 ,លុយរៀលចំនួន៥៩៩,៨០០រៀល ,ទូរស័ព្ទចំនួន៣គ្រឿង ,កាបូបដៃ ពណ៌ក្រហមក្រម៉ៅចំនួន១ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ស្រ្ដីរងគ្រោះបានដេកលើគ្រែខាងមុខផ្ទះរបស់ខ្លួន ខណៈនោះស្រាប់តែស្រ្ដីសង្ស័យបានធ្វើសកម្មភាពលួចចូលក្នុងបន្ទប់ដេករបស់ស្រ្ដីរងគ្រោះ ភ្លាមនោះប្ដីរបស់ជនរងគ្រោះបានចេញពីក្នុងបន្ទប់ទឹកវិញ ក៏បានឃើញស្រ្ដីសង្ស័យ ដើរចេញពីក្នុងផ្ទះរបស់ខ្លួន ភ្លាមនោះក៏ឃាត់ខ្លួនស្រ្ដីសង្ស័យ រួចធ្វើការសួរនាំដោយសង្ស័យថាស្រ្ដីជាចោរ ក៏ប្ដឹងសមត្ថកិច្ចឲ្យចាត់ការតាមច្បាប់តែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖