ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបទីតាំងល្បែងហ្គេមខុសច្បាប់នៅខណ្ឌមានជ័យ ដកហូតទូហ្គេមបាញ់ត្រីចំនួន២ ទូពង់បៀចំនួន៤

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងល្បែងហ្គេមស៊ីសងខុសច្បាប់មួយកន្លែង នៅខណ្ឌមានជ័យ ត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាបជាក់ស្តែង ដកហូតទូហ្គេមបាញ់ត្រីចំនួន២ ទូ ពង់បៀចំនួន៤ ប៉ុន្តែមិនមានការឃាត់ខ្លួនមនុស្សណាម្នាក់នោះទេ ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីមន្រ្តីសាលាខណ្ឌមានជ័យ បានឲ្យដឹងថា នៅរសៀលថ្ងៃទី៥ ខែមីនានេះ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា នៅទីតាំងខាងលើនេះ មានការបើកលេងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី និងបៀយ៉ាងគឃ្លើនទាំងថ្ងៃទាំងយប់ ហើយមានជនស្លៀកពាក់ឯកសណ្ឋានជាសមត្តកិច្ចក្រវាត់អាយកូមពេញចង្កេះទៅយកលុយរាល់ថ្ងៃ តែមិនបង្ក្រាប ឬហាមឃាត់ពួកគេមិនឲ្យលេងនោះទេ ។ បន្ទាប់ពីទទួលដំណឹងបានហើយ លោកអភិបាលខណ្ឌបានបញ្ជាមកកម្លាំងចម្រុះ ចុះបង្ក្រាបភ្លាមៗតែម្តង ជាក់ស្តែងសមត្ថកិច្ច រឹបអូសទូហ្គេមជាច្រើនគ្រឿងផងដែរ ។

ក្រោយប្រតិបត្តិការរួច កម្លាំងជំនាញបានដកហូតទូហ្គេមបាញ់ត្រីចំនួន២ ទូ ពង់បៀចំនួន៤ដឹកបញ្ជូនទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ ដើម្បីទុកវាយកម្ទេចនៅពេលក្រោយ៕ស រស្មី


ចែករំលែក៖