ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែងបានតាមធ្វើការបង្ក្រាបរថយន្តស៊ាំងយ៉ុងដឹកឈើមួយគ្រឿង ខណៈកំពុងដឹកជញ្ជូនឈើពីទឹកដីស្រុកសេសាន ចូលមកក្នុងខេត្តស្ទឹងត្រែង បំណងឆ្ពោះទៅលក់នៅខេត្តក្រៅ ដោយបង្រ្កាបនៅព្រឺក ថ្ងៃ អាទិត្យ ១៥កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៨ ខែ មីនា ឆ្នាំ២០២០ត្រអ់ចំណុចចគីឡូ៣ ក្នុងភូមិរាជានុកូល សង្កាត់/ក្រុង ស្ទឹងត្រែង ។
មន្ត្រីនគរបាលនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឲ្យដឹងថា៖ រថយន្តដែលរង ការបង្ក្រាបពីសមត្ថកិច្ច ជាប្រភេទរថយន្តទេសចរណ៍ចំណុះ១៥កៅអី ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC 9414 ដឹកឈើប្រភេទឈើបេងចំនួនមួយរថយន្ត ។
តាមព័ត៌មានទទួលបានពីអ្នករកស៊ីឈើបានឲ្យដឹងថា មុនធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងរលូននោះគឺក្រុមឈ្មួញបានរត់ការគ្រប់ជំនាញអស់ហើយ តែភ្លេចខាងនគរបាល សេដ្ឋកិច្ចតែមួយស្ថាប័នប៉ុណ្ណោះ ។ ដូច្នេះហើយទើបជាប់អន្ទាក់ដូច្នេះនគរបាលសេដ្ឋកិច្ច ។ ប៉ុន្តែមុនឈានដល់ការបង្ក្រាបមួយរថយន្តនេះគឺឈ្មួញបានដឹករាប់រយរថយន្តរួចទៅហើយនាពេលកន្លងទៅ គ្មានការបង្រ្កាបនោះទេ។
យ៉ាងណាសមត្ថកិច្ចនគរបាលបញ្ជាក់ថា ឈើដែលបង្ក្រាបបាន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការប្រគល់ឲ្យទៅជំនាញរដ្ឋបាលព្រៃឈើយកទៅរក្សាទុក ដើម្បីបន្តចាត់ការទៅតាមនិតិវិធីច្បាប់ ៕ សហការី