ខេត្តបាត់ដំបង៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ បានបង្រ្កាបជនសង្ស័យ៥នាក់ដែលបានធ្វើចរាចរណ៍រូបបិយប័ណ្ណក្លែងក្លាយ និងរក្សាអាវុធខុសច្បាប់ នៅចំណុចបន្ទប់ជួល ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង ។
ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួល ទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងនិងលោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។
មន្រ្តី្តនគរបាល ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន
១-ឈ្មោះ សារ៉ម លី ភេទប្រុស អាយុ ៣៨ ឆ្នាំមានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង
២-ឈ្មោះ យៀន រតន: ភេទប្រុស អាយុ ២៨ ឆ្នាំមានទីលំនៅភូមិកម្មករសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៣-ឈ្មោះ សុប រ៉យ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង
៤-ឈ្មោះ សាន់ សំខាន់ ភេទប្រុស អាយុ ២៤ ឆ្នាំមានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង ១ ស្រុកសង្កែ
៥-ឈ្មោះ វ៉ាន់ វីរ: ភេទប្រុស អាយុ ២០ ឆ្នាំមានទីលំនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ជនសង្ស័យទាំង៥នាក់រស់ក្នុងក្រុងនិងខេត្តបាត់ដំបងដូចគ្នា ។
ចំណែកវត្ថុតាងដែលដកហូតបានរួមមាន ៖
ក្រដាសប្រាក់បាត ១០០០ បាត ( ក្លែងក្លាយ ) ចំនួន ៣០ សន្លឹក ក្រដាសប្រាក់បាត ៥០០ បាត ( ក្លែងក្លាយ ) ចំនួន ២៥ សន្លឹក ក្រដាសប្រាក់បាត ១០០ បាត ( ក្លែងក្លាយ ) ចំនួន ១២ សន្លឹក ក្រដាសប្រាក់បាត ៥០ បាត ( ក្លែងក្លាយ ) ចំនួន ១៥៦ សន្លឹក ក្រដាសប្រាក់ដុល្លា ១០០ ដុល្លារ ( ក្លែងក្លាយ ) ចំនួន ១៧ សន្លឹកក្រដាសប្រាក់ដុល្លារ ៥០ ដុល្លារ ( ក្លែងក្លាយ ) ចំនួន ៨ សន្លឹកក្រដាសប្រាក់ដុល្លារ ២០ ដុល្លារ ( ក្លែងក្លាយ ) ចំនួន ២៣ សន្លឹក ក្រដាសប្រាក់ដុល្លារ ១០ ដុល្លារ ( ក្លែងក្លាយ ) ចំនួន ៨៧ សន្លឹក ទូរស័ព្ទដៃចំនួន ៧ គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ១ គ្រឿង ម្សៅក្រាមពណ៌ ស ចំនួន ៧ ថង់ កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ១ កាំបិតកែច្នៃធ្វើអំពីដែកចំនួន ៣ ដើម ផ្លែ រណាងោង ចំនួន ១ ដំបងឈើមានដែកគោល រុំស្គុតពណ៌ខ្មៅចំនួន ១ ដើម ដំបងឈើចំនួន ១ ដើម ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបង 1N 6557 ម៉ូតូមួយគ្រឿងម៉ាកហុងដា អ៊ែរប្លែត ពណ៌ខ្មៅទឹកក្រូចស៊េរីឆ្នាំ ២០១០ ពាក់ស្លាកលេខកណ្ដាល 1D 2646 ។
ជនសង្ស័យទាំង៥នាក់រួមទាំងវត្ថុតាងដែលរឹបអូសបានត្រូវសមត្ថកិច្ចប្រគល់ទៅឲ្យការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕សហការី