ជនជាតិអាស៊ីនៅជុំវិញពិភពលោក ពិសេសគឺនៅប្រទេសលោកខាងលិចកំពុងក្លាយទៅជាគោលដៅនៃការវាយប្រហារ ដោយចោទថាជាប្រភពនៃការចម្លងមេរោគកូវីដ-១៩។
បច្ចុប្បន្ន ជំងឺផ្លូវដង្ហើមបង្កឡើងដោយវីរុសកូវីដ-១៩ បានឆ្លងរាលដាលខ្លាំងបំផុតនៅបណ្តាប្រទេសលោក ខាងលិច ក្នុងនោះមានអឺរ៉ុបនិងអាមេរិក ។ ចំណែកប្រទេសតំបន់អាស៊ីដែលជាទីកន្លែងចាប់ផ្តើមឡើងនៃវីរុសនេះ មានសភាពល្អប្រសើរទៅវិញ ដោយប្រទេសជាច្រើន បានគ្រប់គ្រងស្ថានភាព ហើយការឆ្លងរាលដាលធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។
ចំណែកប្រទេសនៅតំបន់អឺរ៉ុប អាមេរិក បែជាឆ្លងរាលដាលច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យពលរដ្ឋនៅក្នុងប្រទេសលោកខាងលិចខឹងសម្បាយ៉ាងខ្លាំងទៅលើពលរដ្ឋមកពីតំបន់អាស៊ីថាជាប្រភពនៃការចម្លងវីរុសកូវីដ-១៩នេះ។
ពេលនេះជនជាតិ អាស៊ី នៅអាមរិក និងអឺរ៉ុប ជាច្រើនរូបរងការវាយប្រហារពីក្រុមជ្រុលនិយម ថាជាមេរោគ អ្នកចម្លងមេរោគមកប្រទេសរបស់ខ្លួន។ជាក់ស្តែងបុរសជនជាតិអាស៊ី វ័យ៥៩ឆ្នាំម្នាក់ត្រូវបានក្រុមយុវជនអាមេរិកវាយប្រហារ ស្តោះទឹកមាត់ដាក់ ដោយការប្រមាថ ថាជាវីរុស ។
ប៉ូលិសទីក្រុងញូវយ៉កអាមេរិក បានឲ្យដឹងថា យុវជនមួយក្រុមបានវាយប្រហារទៅលើបុរសវ័យ ៥៩ឆ្នាំដោយច្រាន់គត់ឲ្យដួលវាយប្រហារគត់ហើយថែមទាំងស្តោះទឹកមាត់ដាក់ទៀតផង ដែលជារឿងមិនអាចទទួលយកបានឡើយ។
នេះមិនមែនជាករណីទីមួយនោះឡើយ គឺមានកើតឡើងជាច្រើននាពេលកន្លងមក ចាប់តាំងពីកូវីដ-១៩ ឆ្លងដល់អាមេរិកនិងអឺរ៉ុប ។ កន្លងមកស្រ្តីជនជាតិចិន ក៏រងការវាយប្រហារ នៅអាមេរិក និស្សិត ជនជាតិសិង្ហបុរីក៏រងការវាយប្រហារ … ។ ពេលថ្មីៗនិសិត្សស្តីអាយុ២៣ឆ្នាំមកពីកូរ៉េខាងត្បូង ក៏រងការវាយប្រហារ ផងដែរនៅទីក្រុងញូវយ៉ក ។
ក្រៅពីអាមេរិក នៅក្នុងតំបន់អឺរ៉ុប ក៏មានករណីវាយប្រហារទៅលើក្រុមជនជាតិអាស៊ីផងដែរ ។ នេះជារឿងមួយគួឲ្យបារម្ភបំផុត ដែលអាចជំរុញឲ្យមានការប្រកាន់ជាតិសាស្ត្រ កាន់តែខ្លាំងឡើង បើបណ្តាប្រទេសលោកខាងលិចមិនមានវិធានការទប់ស្កាត់ឲ្យបានល្អនោះទេ៕ ម៉ែវ សាធី