ព័ត៌មានទាន់ហេតុការណ៍៖

ការរើសអើងជាតិសាសន៍បន្តកើតឡើង ជនជាតិអាមេរិក វាយជនជាតិអាស៊ីចោទថាជាមេរោគ

ចែករំលែក៖

ជនជាតិអាស៊ីនៅជុំវិញពិភពលោក ពិសេសគឺនៅប្រទេសលោកខាងលិចកំពុងក្លាយទៅជាគោលដៅនៃការវាយប្រហារ ដោយចោទថាជាប្រភពនៃការចម្លងមេរោគកូវីដ-១៩

បច្ចុប្បន្ន ជំងឺផ្លូវដង្ហើមបង្កឡើងដោយវីរុសកូវីដ-១៩ ​បានឆ្លងរាលដាលខ្លាំងបំផុតនៅបណ្តាប្រទេសលោក ខាងលិច ក្នុងនោះមានអឺរ៉ុបនិងអាមេរិក ។ ចំណែកប្រទេសតំបន់អាស៊ី​ដែលជាទីកន្លែងចាប់ផ្តើមឡើងនៃវីរុសនេះ មានសភាពល្អប្រសើរទៅវិញ ដោយប្រទេសជាច្រើន បានគ្រប់គ្រងស្ថានភាព ហើយការឆ្លងរាលដាលធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។

ចំណែកប្រទេសនៅតំបន់អឺរ៉ុប អាមេរិក បែជាឆ្លងរាលដាលច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យពលរដ្ឋនៅក្នុងប្រទេសលោកខាងលិចខឹងសម្បាយ៉ាងខ្លាំងទៅលើពលរដ្ឋមកពីតំបន់អាស៊ីថាជាប្រភពនៃការចម្លង​វីរុសកូវីដ-១៩នេះ​។

ពេលនេះជនជាតិ អាស៊ី នៅអាមរិក និងអឺរ៉ុប ជាច្រើនរូបរងការវាយប្រហារពីក្រុមជ្រុលនិយម ថាជាមេរោគ​ អ្នកចម្លងមេរោគមកប្រទេសរបស់ខ្លួន​។​ជាក់ស្តែងបុរសជនជាតិអាស៊ី វ័យ​៥៩ឆ្នាំម្នាក់ត្រូវបានក្រុមយុវជនអាមេរិកវាយប្រហារ ស្តោះទឹកមាត់ដាក់​ ដោយការប្រមាថ ថាជាវីរុស ។

ប៉ូលិសទីក្រុងញូវយ៉កអាមេរិក បានឲ្យដឹងថា យុវជនមួយក្រុមបានវាយប្រហារទៅលើបុរសវ័យ ៥៩ឆ្នាំដោយច្រាន់គត់ឲ្យដួល​វាយប្រហារគត់ហើយថែមទាំងស្តោះទឹកមាត់ដាក់ទៀតផង ដែលជារឿងមិនអាចទទួលយកបានឡើយ។

នេះមិនមែនជាករណីទីមួយនោះឡើយ គឺមានកើតឡើងជាច្រើននាពេលកន្លងមក ចាប់តាំងពីកូវីដ-១៩ ឆ្លងដល់អាមេរិកនិងអឺរ៉ុប ។ កន្លងមកស្រ្តីជនជាតិចិន ក៏រងការវាយប្រហារ នៅអាមេរិក និស្សិត ជនជាតិ​សិង្ហបុរីក៏រងការវាយប្រហារ … ។ ពេលថ្មីៗនិសិត្សស្តី​អាយុ២៣ឆ្នាំមកពីកូរ៉េខាងត្បូង ក៏រងការវាយប្រហារ ផងដែរនៅទីក្រុងញូវយ៉ក ។

ក្រៅពីអាមេរិក នៅក្នុងតំបន់អឺរ៉ុប ក៏មានករណីវាយប្រហារទៅលើក្រុមជនជាតិអាស៊ីផងដែរ ។ នេះជារឿងមួយគួឲ្យបារម្ភបំផុត  ដែលអាចជំរុញឲ្យមានការប្រកាន់ជាតិសាស្ត្រ កាន់តែខ្លាំងឡើង បើបណ្តាប្រទេសលោកខាងលិច​មិនមានវិធានការទប់ស្កាត់ឲ្យបានល្អនោះទេ៕ ម៉ែវ សាធី


ចែករំលែក៖