ខេត្តកណ្ដាល៖ មានករណីប៉ុនប៉ងចាប់រំលោភសេសន្ថវ:មិនបានសម្រេចមួយកើតឡើងតាំងពី វេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលភូមិ ព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មកម្ល៉េះ តែរហូតមកដល់ថ្ងៃអង្គារ ១កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០២០ ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រពាំងវែងចាប់ខ្លួនជនសង្ស័យបាន ។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ន ស ន ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ មានទីលំនៅខេត្តកណ្ដាល។ ចំណែកឯជនសង្ស័យ ឈ្មោះ ឈា សេងលី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះរៀបរាបថា នៅថ្ងៃទីខែឆ្នាំកើតហេតុខាងលើនាងកំពុងនៅក្នុងបន្ទប់ជួលតែម្នាក់ឯង តែក្រោយមកដោយនៅបន្ទប់ជួលជាន់ផ្ទាល់ដីក្តៅពេក ក៏ដើរឡើងទៅដេកលេងនៅលើប៉ៅអ៊ីឬស្សីស្ថិតនៅជាន់ទីពីរមុខបន្ទប់ពីរគ្មានមនុស្សនៅ។ ពេលនាងអង្គុយលេងតែម្នាក់ឯង ស្រាប់តែជនសង្ស័យខាងលើ ត្រូវជាម្ចាស់ផ្ទះជួលបានឡើងតាមជណ្តើរខាងក្នុងហើយបើកទ្វារចេញពីក្នុងហើយដើរមកជិតរូបនាងរួចដើរទៅបើកទ្វារបន្ទប់ទុកចោលចំហរឲ្យខ្យល់ចេញចូល។ បន្ទាប់មកជនសង្ស័យបានដើរមកអង្គុយលើប៉ៅអ៊ីជាមួយនាង ហើយបានយកដៃស្តាំមកស្ទាបលើថ្ងាស រួចយកដៃទាំងពីរអោបនាងជាប់ តែភ្លាមនោះនាងរើបម្រះរួច តែជនសង្ស័យនៅតែព្យាយាមអូសដៃនាងចូលទៅក្នុងបន្ទប់ដែលខ្លួនបានបើកទ្វារទុក ហើយនិយាយថាតោះទៅក្នុងបន្ទប់។
នារីរងគ្រោះបន្តទៀតថា ភ្លាមនោះនាងបានខំរើបម្រះចេញពីកណ្តាប់ដៃរបស់ជនសង្ស័យរួចហើយបានរត់ចុះទៅជាន់ក្រោមជិះម៉ូតូទៅប្រាប់មិត្តភក្តិឈ្មោះ បញ្ញា ភេទស្រី ដែលកំពុងធ្វើការនៅរោងចក្រទឹកថ្លា ភ្នំពេញ។ បន្ទាប់មកនាងក៏ទៅប្រាប់ឪពុករបស់ខ្លួនដែលកំពុងធ្វើកម្មករសំណង់នៅផ្សារដើមត្រាំង ឃុំអន្លង់រមៀត ហើយឪពុកបានមករាយការណ៍និងដាក់ពាក្យបណ្តឺងជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលត្រពាំងវែងជួយដោះស្រាយ តែដោួជនសង្ស័យបានគេចខ្លួន ហើយទើបលេចមុខនៅថ្ងៃទី២៣ខែមីនានេះ ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រពាំងវែងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីចាត់ការតាមនីតិវិធី៕ សហការី