ប្រទេសជាច្រើនបានប្រកាសអាសន្នពីការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ ដោយបាន សម្រេចបិទប្រទេសទាំងមូល បង្ខំឲ្យពលរដ្ឋត្រូវ នៅក្នុងផ្ទះ ទាំងអស់ មិនអាចចេញទៅក្រៅបានឡើយ ។ មកទល់ពេលនេះ មានពលរដ្ឋ ជាង ៣ពាន់លាននាក់ ត្រូវនៅក្នុងផ្ទះ ។
គិតមកដល់ថ្ងៃទី ២៦ខែមីនា មានអ្នកស្លាប់ដោយកូវីដ-១៩ លើនឡើងដល់ទៅជាង ២ម៉ឺននាក់ហើយ ហើយភាគច្រើនស្ថិតនៅក្នុងតំបន់អឺរ៉ុប ។ ក្រៅពីនេះនៅមាន ប្រជាជនច្រើនជាង៣ពាន់លាននាក់នៅជុំវិញពិភពលោក ត្រូវបានបង្គាប់ឱ្យស្ថិតនៅក្នុងផ្ទះ ក្រោមវិធានការបិទប្រទេស ឬដាក់ប្រទេសក្នុងគ្រាមានអាសន្ន ខណៈរដ្ឋាភិបាលទាំងឡាយ កំពុងបង្កើនការប្រយុទ្ធជាមួយជំងឺរាតត្បាត COVID-19 ដែលបានផ្ដាច់ជីវិតមនុស្សកើនលើស២០,០០០នាក់ នៅទូទាំងសកលលោក គិតចាប់តាំងពីវាផ្ទុះឡើងដំបូងនៅប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០១៩។
ខណៈចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសកលលោកបានកើនលើស៤៥០,០០០នាក់ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានព្រមានថា មានតែបណ្ដាប្រទេស និងដែនដីទាំងអស់នៅលើពិភពលោកសាមគ្គីគ្នាប៉ុណ្ណោះ ទើបអាចបញ្ឈប់ការរាតត្បាតរបស់វីរុស COVID-19 ដ៏កាចសាហាវនេះបាន។
គិតត្រឹមថ្ងៃទី ២៥ខែមីនានៅក្នុងប្រទេសអេស្ប៉ាញ ចំនួនអ្នកស្លាប់ដោយសារ COVID-19 បានកើនដល់៣,៤៣៤នាក់ ដែលចំនួននេះគឺកើនលើសប្រទេសចិនទៅទៀត និងធ្វើឱ្យអេស្ប៉ាញក្លាយជាប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុត បន្ទាប់ពីអ៉ីតាលី ស្របពេលចំនួនអ្នកស្លាប់បានហក់ឡើងលើស២០,៨០០នាក់ នៅទូទាំងប្រទេស និងដែនដីចំនួន១៩៥។
ម្យ៉ាងវិញទៀត ដោយសារតែជំងឺដ៏កាចសាហាវនេះ ប្រជាជនច្រើនជាង៣ពាន់លាននាក់នៅជុំវិញពិភពលោក ត្រូវបានបង្គាប់ឱ្យស្ថិតនៅក្នុងផ្ទះ ក្រោមវិធានការបិទប្រទេស ឬដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ជាក់ស្ដែង គ្រាន់តែនៅប្រទេសឥណ្ឌា ប្រជាជន១.៣ពាន់លាននាក់ ត្រូវបានបង្គាប់ឱ្យ ស្ថិតនៅក្នុងផ្ទះ ក្រោមវិធានការបិទប្រទេសទាំងមូលរយៈពេល២១ថ្ងៃ របស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ខណៈវិធានការបែបនេះ នឹងអាចកើតមានឡើង នៅតាមប្រទេសជាច្រើនបន្ថែមទៀត ប្រសិនករណីឆ្លង COVID-19 កាន់តែធ្ងន់ធ្ងរពិបាកទប់៕