ភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានសម្របសម្រួលឲ្យមិត្តម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿងមកទទួលជនជាតិគាត់ដែលជាប់នៅកម្ពុជា ចំនួន ១១១ នាក់ ដោយសារតែការលុបគ្រប់ជើងហោះហើរទាំងអស់តាមបទបញ្ជារគ្រប់គ្រងការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី ។
ជាមួយនេះ ក្រសួងក៏បានសម្របសម្រួលឲ្យពលរដ្ឋយើងចំនួន ៦នាក់ដែលជាប់នៅម៉ាឡេស៊ីបានធ្វើដំណើរតាមយន្តហោះពិសេសនេះត្រឡប់មកកម្ពុជាវិញដែរ។
ដើម្បីធានាសុវត្ថិភាពពលរដ្ឋទាំង៦នាក់នោះ បានទៅធ្វើតេស្តនៅមន្ទីរពេទ្យចាក់អង្រែពេលមកដល់ភ្លាម។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin Hussein ក៏បានទូរស័ព្ទមក លោក ប្រាក់ សុខុន ដើម្បីអរគុណចំពោះការសម្រួលមាតុភូមិនិវត្តន៍របស់ពលរដ្ឋគាត់ផង ហើយម៉្យាងក៏ឆ្លៀតឱកាសពិភាក្សាគ្នាអំពីការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងវីរុស covid-19 ការរឹតចំណងទាក់ទងទ្វេភាគី និងកិច្ចសហការក្នុងក្របខណ្ឌអាស៊ានផង។
លោក ប្រាក់ សុខុនក៏បានជូនពរសារជាថ្មីជូនលោក Hussein ដែលបានឡើងកាន់តំណែងថ្មីនេះកាលពីថ្ងៃទី ៩ ខែមីនា កន្លងទៅ អរគុណគាត់ចំពោះការអនុញ្ញាតឲ្យពលករខ្មែរបានដោយសារយន្តហោះពិសេសរបស់គាត់ ហើយបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនិងពហុភាគី៕ សហការី