ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកថ្មគោលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបអ្នកដំណើរបានសម្រេច តែមិនទាន់បានប៉ុន្មានម៉ោងផងសមត្ថកិច្ចតាមក្របួចបាន និងរឹបអូសវត្ថុតាង យកមកចាត់ការតាមច្បាប់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំជូត ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្រុមទី២៣ ភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
មន្ត្រីនគរបាលស្រុកថ្មគោលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សាន់ លី ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ធ្លាប់ជាប់ពន្ធនាគារក្នុងឆ្នាំ២០០៨ ពីបទ(ប្លន់) នៅសង្កាត់វត្តគរ ក្រុងបាត់ដំបង ហើយត្រូវបានដោះលែងចេញពីពន្ធនាគារកាលពី ខែមិថុនា ឆ្នាំ២០១៨ ។ មុនពេលកើតហេតុ ជនសង្ស័យជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AH-4465 ឆក់កាបូបលុយ ជនរងគ្រោះឈ្មោះ ញ៉ ជ្រី ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ខណៈកំពុងធ្វើដំណើរតាមផ្លូវ ។ ក្រោយឆក់បានសម្រេចជនសង្ស័យបើកម៉ូតូគេចខ្លួន តែត្រូវកម្លាំងនគរបាលស្រុកថ្មគោលតាមប្រមាញ់ច្រើនម៉ោងទើបចាប់ខ្លួនបាន។
សមត្ថកិច្ចបានឲ្យដឹងទៀតវត្ថុតាងរឹបអូសបានមកវិញរួមមានប្រាក់រៀលចំនួន៣,៣០០,០០០រៀល(បីលានសាមសិបម៉ឺនរៀល) -ទូរស័ព្ទដៃ១គ្រឿង ម៉ាកទ្រូ ពណ៌ខ្មៅ មានស៊ីមលេខ០៩៧៩៨៧៩១៩៣ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១សន្លឹក ។ ក្រោយឃាត់ខ្លួនបានជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធី ៕
ប្រាថ្នា