ភ្នំពេញ៖ អង្គការការពារ និង អភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ត្រូវបាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកសកម្មភាពជាបណ្តោះអាសន្ន ។
ការផ្អាកសកម្មភាព របស់អង្គការមួយនេះបន្ទាប់ពី សម្តេច ស ខេង ផ្ញើលិខិតមួួយច្បាប់ជូនលោក ឈាវ អានសាលីដេត ប្រធានអង្គការការពារ និង អភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នេះ អំពីសកម្មភាពរបស់អង្គការមិនមានភាពប្រក្រតី ។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា អង្គការការពារ និង អភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា បានធ្វើសកម្មភាពផ្ទុយនឹងប្រកាស នៃលក្ខន្តិកៈរបស់ខ្លួនដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ និង ពុំបានបំពេញកាតព្វកិច្ចតាមការកំណត់ក្នុងបទប្បញ្ញត្តិមាត្រា១០និងមាត្រា២៥ នៃច្បាប់ស្តីពីសមាគមន៍និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងបានធ្វើសកម្មភាពខុសច្បាប់ និង ធ្វើឲ្យមានការយល់ច្រឡំជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការបំពេញភារកិច្ច៕ដោយ៖ ប្រាថ្នា