ប្រទេសម៉ាឡេស៉ី៖ លោក Azmi Ghazali អនុរដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ីនិងលោក Razman Zakaria សមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃរដ្ឋ Perak កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ត្រូវបានតុលាការរកឃើញមានទោសកំហុស ល្មើសបទបញ្ជាគ្រប់គ្រងការចល័ត (MCO) របស់ប្រទេស ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama។
មន្ត្រីជាន់ខ្ពស់របស់ម៉ាឡេស៊ីទាំងពីរនាក់នេះ ត្រូវសម្រេចចោទប្រកាន់ ពីបទល្មើសបម្រាមបង្ការ និងគ្រប់គ្រងជំងឺឆ្លងឆ្នាំ២០២០ ដែលអាចជាប់គុកមិនឲ្យលើសពី៦ខែ ឬប្រាក់ពិន័យ២២៨ដុល្លារ ឬទាំងពីរ។
បើតាមប្រភពព័ត៌មានដដែល អ្នកទាំងពីរនេះ ត្រូវបានថតរូបរួមគ្នា ដោយកំពុងបរិភោគអាហារ ជាមួយមនុស្សមួយក្រុមនៅសាលាសាសនាមួយ ក្នុងរដ្ឋ Perak កាលពីថ្ងៃទី១៨ ខែមេសា បន្ទាប់ពីលោកអនុរដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី បានធ្វើទស្សនកិច្ចទៅកាន់មន្ទីរពេទ្យមួយកន្លែងនៅទីនោះ។
រូបភាពទាំងនេះ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកអនុរដ្ឋមន្ត្រីAzmi ហើយក្រោយមកត្រូវបានលុបចោលវិញ។ ទង្វើនេះ គឺល្មើសនឹងបទបញ្ជាបិទប្រទេស ដែលរដ្ឋាភិបាលម៉ាឡេស៊ីបានដាក់ចេញ រួមមានបម្រាមការប្រមូលផ្ដុំសាធារណៈ ក៏ដូចជាផ្អាកការធ្វើដំណើរ ទាំងក្នុងប្រទេសនិងអន្តរជាតិ ជាដើម ក្នុងគោលដៅទប់ស្កាត់ COVID-19 ។ ការអនុវត្តចំណាត់ការនេះ បានចូលធរមានតាំងពីថ្ងៃទី១៨ខែមីនា និងបានពន្យារពេល៣ដងហើយ ពោលគឺនឹងបញ្ចប់នាថ្ងៃទី១២ ខែឧសភាខាងមុខ។
ទោះជាបែបនេះក្តី អនុរដ្ឋមន្ត្រីសុខាភិបាល លោក Azmi Ghazali នាពេលថ្មីៗនេះ បានចេញមុខសុំទោសជាសាធារណៈ ចំពោះរឿងហេតុអកុសលនេះ។ តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia លោកបញ្ជាក់ទៀតថា លោកគោរពដឹងគុណ ដល់ការលះបង់របស់ក្រុមជួរមុខដូចជា ប៉ូលិស កងកម្លាំងយោធា បុគ្គលិកសុខាភិបាល និងភ្នាក់ងាររដ្ឋាភិបាលដទៃទៀត ដែលប្រឹងប្រែងក្នុងបុព្វហេតុប្រឆាំងCOVID-19។
យោងតាមវេបសាយ worldometers.info ដែលតាមដាន COVID-19 នៅទូទាំងពិភពលោក បញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមេសានេះប្រទេសម៉ាឡេស៊ី មានករណីឆ្លងសរុប ៥,៨៥១ករណី ក្នុងនោះអ្នកជំងឺ៤,០៣២នាក់ជាសះស្បើយ។ អ្នកស្លាប់ដោយសារ COVID-19 សរុបមាន១០០នាក់ខណៈអ្នកជំងឺធ្ងន់ធ្ងរមាន ៣៦ករណី ៕ដោយ៖ស តារា