ខេត្តកំពត៖ បុរសជនជាតិចិន២នាក់ ដែលជិះម៉ូតូមកពីខេត្តព្រះសីហនុ ហើយធ្វើសកម្មភាពលួចកាច់កញ្ចក់ និងវាយបំបែកកញ្ចក់រថយន្ត នៅក្នុងភូមិសាស្ត្រខេត្តកំពត ដើម្បីលួចយកទ្រព្យសម្បត្តិនោះ ពេលនេះត្រូវសមត្ថកិច្ច ក្របួចបានហើយ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
យោងតាមការលើកឡើងរបស់សមត្ថកិច្ចខេត្តកំពតបានឲ្យដឹងថា ជនជាតិចិន២នាក់ ដែលត្រូវនគរបាលឃាត់ខ្លួន ៖ ទី១-ឈ្មោះ ឈីញ ហាយកៃ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅខេត្តព្រះសីហនុ,ទី២-ឈ្មោះ ឈីង ចុងដាន ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅខេត្តព្រះសីហនុ។
ការ ឃាត់ខ្លួននេះ បន្ទាប់ពីជនខាងលើបានធ្វើសកម្មភាពវាយបំបែកកញ្ចក់រថយន្តលួចយក ទ្រព្យសម្បត្តិរបស់គេ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១១ព្រឹក ត្រង់ចំណុចភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនជនជាតិចិនខាងលើបាន គឺតាមរយៈកាមេរ៉ាសុវត្ថិភាព ដោយបានកំណត់ទៅតាមភិនភាគច្បាស់លាស់ ទើបសមត្ថកិច្ចតាមឃាត់ខ្លួនយកមកសាកសួរនៅស្នងការនគរបាលខេត្តកំពត។
ប្រភពដដែលបានរៀបរាប់ទៀតថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ មានករណីវាយកញ្ចក់រថយន្តយកទ្រព្យសម្បត្តិ នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត បណ្ដាលឲ្យម្ចាស់រថយន្ត ឈ្មោះ ឈិន តុងលី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិចិន ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាត់សម្ភារៈ រួមមាន ៖ កុំព្យូទ័រឡេបថប១គ្រឿង ,កាបូបស្ពាយចំហៀងពណ៌ទឹកដោះគោ លាយខ្លាញ់ក្តាម១ និងកាបូបដាក់ប្រាក់ប្លាស្ទិក១។ ក្នុងកាបូបនោះមានលុយចំនួន ១ ០០០ ដុល្លារ ផងដែរ។
បន្ទាប់ពីមានករណីបែបនេះ សមត្ថកិច្ច ក៏ឆែកមើលកាមេរ៉ាសុវត្ថិភាព ទើបដឹងតម្រុយ និងកំណត់មុខសញ្ញាឈានទៅឃាត់ខ្លួនជនជាតិចិនទាំង២នាក់តែម្ដង។
បច្ចុប្បន្ន ជនជាតិចិនទាំង២នាក់ សមត្ថកិច្ចកំពុងបន្តសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ហេង នរិន្ទ្រ