ខេត្តកំពង់ចាម ៖ ផ្ទះពីរខ្នងឈេីប្រក់ក្បឿងត្រូវបានអគ្គីភ័យឆាបឆេះអស់មួយខ្នងទាំងស្រុងរួមជាមួយទ្រព្យសម្បត្តិ រីឯ១ខ្នងទៀត ត្រូវរងការខូចខាតអស់មួយផ្នែក កេីតឡេីងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ ស្ថិតនៅក្នុងភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
លោក ថុង ភូរីវុធ អធិការរងនគរបាលស្រុកកងមាសបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ថន សុធារី ភេទស្រី អាយុ៤៥ឆ្នាំ ដែលផ្ទះមានទំហំ៨ គុណ៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ។
លោកបន្តថា ករណីនេះបណ្ដាលឲ្យខូចខាតគ្រឿងអលង្ការមានដូចជា ខ្សែក ខ្សែដៃធ្វើអំពីមាសចំនួន០៣តម្លឹងកន្លះ និងខ្សែក កងដៃផ្លាកទីន ចំនួន០៣តម្លឹង ប្រាក់១៦០០ដុល្លារ ទូឈើដាក់ខោអាវចំនួន០៣ តុចំនួន០៣ និងគ្រែប្រអប់ចំនួន០៣ ផងដែរ។
ដោយឡែកម្ចាស់ផ្ទះរងគ្រោះម្នាក់ទៀតឈ្មោះ តូច ប៊ុនថន ភេទប្រុស អាយុ៧៤ឆ្នាំ មានទំហំ១០ គុណ១០ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង បណ្ដាលឲ្យខូចខាតជញ្ជាំង និងដំបូល មួយចំហៀង។
លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាសបានចាត់កម្លាំងជំនាញអធិការដ្ឋាន ចេញរថយន្ដពន្លត់អគ្គីភ័យ ០១គ្រឿង និងទាក់ទងរថយន្តអគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ ០១គ្រឿងទៀត ចុះទៅអន្ដរាគមន៍ជួយពន្លត់ ដោយប្រេីប្រាស់ទឹកអស់២ឡាន ហើយភ្លេីងក៏បានរលត់អស់១០០% នៅវេលាម៉ោង១១និង០០នាទី ដោយមិនបានឆាប់ឆេះរាលដាលដល់លំនៅឋានប្រជាពលរដ្ឋដ៏ទៃទៀតឡើយ ។
ប្រភពបន្តថា សមត្ថកិច្ចបានចុះធ្វេីកំណត់ ហេតុដាក់សន្និដ្ឋានថាករណីគ្រោះអគ្គីភ័យនេះ គឺបណ្ដាលមកពីការទុស្សេខ្សែភ្លើងផងដែរ ។ ចំពោះផ្ទះដែលត្រូវអគ្គិភ័យឆេះអស់ទាំងស្រុងស្របពេលដែលម្ចាស់ និងអ្នកជិតខាងមិននៅ ៕ ដោយ ៖ វណ្ណៈ