ភ្នំពេញ៖មានការភ្ញាក់ផ្អើលជាថ្មីក្រោយពីមានបុរសម្នាក់ទៀតបានបង្ហោះសារចេញមុខទារបំណុលពីអ្នកដឹកនាំសម្តែង លោក រិទ្ធិ អូមេហ្គា ប្រមាណជាង៤ពាន់ដុល្លារអាមេរិក។ នេះគឺជាករណីទី៤ ហើយដែលម្ចាស់បំណុលបានចេញមុខទារតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកពីអ្នកដឹកនាំសម្តែង ប្រចាំផលិតកម្មថោនរូបនេះ។
កន្លងទៅទើបនឹងមានការភ្ញាក់ផ្អើលរឿងពិធីករសុខ រ៉ាស៊ី ប្រកាសទាលុយពីអ្នកដឹកនាំ រិទ្ធិ អូមេហ្គា បន្ទាប់មកគឺតារាសម្តែង និងចម្រៀង កញ្ញា សូដា នីតា ប្រកាសទាលុយចំនួន៦៥០០ដុល្លារបន្ថែមទៀតកាលពីអំឡុងខែមេសាកន្លងទៅរឿងការកក់ទិញម៉ាសតែមិនបានទំនិញ។ ជាបន្តបន្ទាប់លោកក៏ត្រូវម្ចាស់បំណុលផ្សេងទៀតប្រើប្រាស់វិធីនេះដើម្បីឲ្យផលិតកររូបនេះចេញមុខដោះស្រាយ។ ជាថ្មីម្តងទៀតកាលពីល្ងាចថ្ងៃទី០៦ ខែឧសភានេះ លោក ឃុន ធារិទ្ធិ ហៅរិទ្ធិ អូមេហ្គា ត្រូវបានបុរសអ្នកជំនួញលក់ដូរតាមអនឡាញ ឈ្មោះ Sith Sihanna បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកភ្ជាប់ដោយឈ្មោះផលិតកររូបនេះ រួមទាំងរូបថត និងលិខិតចងការប្រាក់ និងភស្តុតាងមួយចំនួនអំពីការខ្ចីប្រាក់។ បុរសរូបនោះបានលើកឡើងថាតាមការសន្យា លោក រិទ្ធិអូមេហ្គា សុំខ្ចីតែ២ខែប៉ុណ្ណោះ ប៉ុន្តែបាត់ឈឹងមិនដឹងទៅណាគ្មានដំណឹង។ ប្រភពថាប្រាក់៤៥០០ដុល្លារអាមេរិកនៅមិនទាន់គិតទាំងការប្រាក់ផង។ លោកថាលោករិទ្ធិ អូមេហ្គា ជិះសុទ្ធតែរថយន្ត Landcruiser 2020 រស់នៅក្នុងវីឡាកូនកាត់គួរតែលក់សងគេទៅ។ លោកព្រមានថានឹងបន្តចែករំលែកលើកគេហទំព័រធំផ្សេងទៀតរបស់លោកដើម្បីឲ្យបុគ្គលរូប នេះចូលខ្លួនដោះស្រាយ។
នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីលោក រិទ្ធិ អូមេហ្គាបាននៅឡើយទេ ជុំវិញការបង្ហោះសារខាងលើ។ ទោះជាយ៉ាងណាកន្លងទៅលោក រិទ្ធិ អូមេហ្គា ធ្លាប់ទទួលស្គាល់ថាលោកពិតជាបានជាប់បំណុលរបស់បុគ្គលមួយចំនួនមែន ព្រោះតែលោកត្រូវបានគេបោកប្រាស់លើមុខជំនួញ ហើយលោកពិតជាមានចេតនាក្នុងការដោះស្រាយបំណុលទាំងនោះ។ លោកថាលោកមានកិច្ចសន្យាសងប្រាក់ពីជននោះហើយដោយសន្យាថានឹងសងលោកនៅពេលដ៏ខ្លីខាងមុខ ដែលកិច្ចសន្យានេះត្រូវបានធ្វើឡើងនៅក្រសួងមហាផ្ទៃផងដែរ។
សារដែលបង្ហោះលើបណ្តាញសង្គមរបស់បុរស ឈ្មោះ Sith Sihanna នោះក៏ត្រូវបានលុបចេញពីបណ្តាញសង្គម ប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពេលបង្ហោះ។ ការលុបសារ រូបថត និងភស្តុតាងនេះត្រូវបានគេសន្និដ្ឋានថាភាគីទាំងពីរបានជួបចរចាគ្នាដើម្បីស្វែងរកដំណោះស្រាយរួមគ្នាមួយ។
គួរបញ្ជាក់ដែរថា កាលពីខែកុម្ភៈកន្លងទៅក៏លេចចេញដំណឹងភ្ញាក់ផ្អើលស្រដៀងគ្នានេះចំពោះអតីតអ្នកដឹកនាំសម្តែងរូបនេះដែរក្រោយពីពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី និងតារាសម្តែង និងចម្រៀងកញ្ញា សូដា នីតា បានបង្ហោះសារខ្លី មានន័យជ្រៅគឺសុំឲ្យលោក រិទ្ធិ អូមេហ្គា ដែលគេស្គាល់ថាជាអ្នកជំនួញ និងជាផលិតករដឹកនាំសម្តែងក្នុងផលិតកម្មថោន ឲ្យចូលខ្លួនមកដោះស្រាយបំណុលឲ្យបានឆាប់រហ័ស។ សារត្រូវបានលុបភ្លាមៗក្រោយពីភាគីទាំងអស់សម្របសម្រួលគ្នា៕ដោយ៖វឌ្ឍនា