ខេត្តតាកែវ៖ រណ្តៅដីធំៗក្នុងបឹងដែលឈ្មួញកំពុងសម្រុកកាយយកដីទៅចែកចាយលក់យ៉ាងកក្រើកផ្លូវក្នុងទីរួមខេត្តតាកែវ កំពុងដំណើរការយ៉ាងរលូនក្រោមលេសស្តារបឹងសម្រាប់ស្តុកទឹកប្រើប្រាស់។
ករណីឈ្មួញឃុបឃិតជាមួយនិឹងអាជ្ញាធរពាក់ព័ន្ធបំភាន់ភ្នែកមហាជន ដោយសំអាងបម្រើផលប្រយោជន៍សាធារណៈនោះ ជាពាក្យមួយដែលកំពុងពេញនិយមសម្រាប់ឈ្មួញនិងមន្ត្រីខិលខូចមួយចំនួន តែធាតុពិតសម្រាប់តែបម្រើផលប្រយោជន៍ស៊ីតាមជំនាញរៀងៗខ្លួនប៉ុណ្ណោះ ឬអាចនិយាយថា កន្ទេលធំបន្លំដេកបានទៀតផង។ ជាក់ស្តែងតាមលិខិតមួយច្បាប់ដែលឈ្មួញកាយដីបឹងយកលក់បានបង្ហាញឱ្យឃើញថា ដីបឹងដែលមានទីតាំងស្ថិតនៅទល់មុខបុរីរស្មី អូរចំបក់ ភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានអាជ្ញាធរខេត្ត /ក្រុង និងមន្ត្រីជំនាញស៊ីញ៉េចុះហត្ថលេខាអនុញ្ញាតឲ្យឈ្មួញស្តារបឹងសម្រាប់ស្តុកទឹកទុកប្រើប្រាស់ប្រាកដមែន។
ដោយពិនិត្យឃើញថា ការស្តារបឹងបែបនេះ គឺជាការបំភាន់ភ្នែកមហាជននិយាយឲ្យតែរួចប៉ុណ្ណោះ ដែលធាតុពិតចំណុចនេះ ពលរដ្ឋមិនដែលអាស្រ័យផលដោយទឹកបឹងនេះទេ។ ម៉្យាងទៀតបើពិនិត្យឲ្យស៊ីជម្រៅ គឺជាការឃុបឃិតគ្នារវាងអាជ្ញាធរនិឹងឈ្មួញកាយយកអាចម៍ដីលក់ចែកលាភគ្នាតាមជំនាញទើបត្រូវ។
លោកអភិបាលក្រុងដូនកែវបានបដិសេធធ្វើអត្ថាធិប្បាយដោយជំរុញឱ្យទៅសួរស្ថាប័នជំនាញវិញគេដឹងច្បាស់លាស់ជាង៕ដោយ៖ នរិន្ទ្រ