ខេត្តតាកែវ៖ ថ្ងៃសៅរ៍ ១២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ អយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការចោទប្រកាន់ជន សង្ស័យជាក្មេងទំនើងចំនួន ០៩នាក់ ពាក់ព័ន្ធករណី គំរាមកំហែងថានឹងសម្លាប់ និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជូនសំណុំរឿងពាក់ព័ន្ឋករណីក្មេងទំនើងមួយក្រុម ប្រដាប់ដោយ ដាវសាំម៉ូរ៉ៃ ០១ដើម បានធ្វើសកម្មភាពចូលដេញកាប់ទៅលើជនរង គ្រោះ ដែលកំពុងឈរជជែកគ្នាលេងនៅ ចំណុចភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
សមត្ថកិច្ច បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងចំនួន០៧នាក រួមមាន ១-ឈ្មោះ ឡុក ណារិន ភេទប្រុស អាយុ២២ឆ្នាំ, ២-ឈ្មោះ សុខ ឡុងឌីណូ ហៅ វីត ភេទប្រុស អាយុ១៥ឆ្នាំ,៣-ឈ្មោះ ង៉ែត យី ភេទ ប្រុស អាយុ១៨ឆ្នាំ, ៤-ឈ្មោះ ង៉ែត រក្សា ភេទប្រុស អាយុ ១៧ឆ្នាំ, ៥-ឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ១៨ ឆ្នាំ, ៦-ឈ្មោះ ពិន រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ, ៧-ឈ្មោះ មៃ ចាន់ដារ៉ាវ៉ៃ ភេទប្រុស អាយុ១៧ឆ្នាំ។ ចំណែកឯជន សង្ស័យ០២នាក់ទៀត ១-ឈ្មោះ ស៊ឹម និត ភេទប្រុស អាយុ២២ឆ្នាំ និង២-ឈ្មោះ ឡុក ណារាំ ភេទប្រុស អាយុ១៩ឆ្នាំ បានរត់គេចខ្លួនបាត់។
បន្ទាប់ពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងនេះ តំណាងអយ្យការ អមសាលា ដំបូងខេត្តតាកែវ សម្រេចចោទប្រកាន់ពីបទ៖ គំរាម កំហែងថានឹងសម្លាប់ និងកាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចនៅចំណុចខាងលើ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ២៣៣ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច