ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបំភ្លឺរបស់ក្រុមប្រតិកម្មរហ័សអគ្គស្នងការដ្ឋាននគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិសូមថ្លែងអំណរគុណចំពោះម្ចាស់គណនីហ្វេសបុកឈ្មោះ Thearith Kung ដែលបានយកចិត្តទុកដាក់តាមដានព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ។ ថ្ងៃទី ១២ ឧសភា ២០២០ ឈ្មោះ Thearith Kung បានបង្ហោះខ្លឹមសារ “ អរគុណឯ.ឧបណ្ឌិត សង្ឃឹមថាកូនប៉ូលីសស្តាប់បញ្ជាតែបើទុកឱកាសជូនពលរដ្ឋខ្វះខាត រហូតដល់ចុងឆ្នាំសំរាប់រកប្រាក់ធ្វើស្លាកលេខ.បណ្ណបើកបរ.អត្តសញ្ញាណបណ្ណ ព្រោះការអនុវត្តច្បាប់នេះកន្លងមកវាប៉ះពាល់ជីវភាពគ្រួសារអ្នកក្រីក្រច្រើនជាង ។ យកល្អកុំរិតបន្តឹងការចេញអត្តសញ្ញាណបណ្ណ និងស្នើសុំរដ្ឋាភិបាលបន្ធូរពន្ធយានយន្តចាស់ៗ ពន្លឿនបណ្ណបើកបរជូនរាស្ត្រក្រីក្រ ព្រោះវិធានការទាំងនេះស្របទៅនឹងគោលការណ៍កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល”។
ពាក់ព័ន្ធនឹងសំណូមពររបស់គណនីហ្វេសបុកខាងលើ យើងខ្ញុំសូមធ្វើការបញ្ជាក់ជូនបន្ថែមដូចខាងក្រោម៖
១-សមត្ថកិច្ចពុំមានគោលការណ៍ពន្យារពេលក្នុងការត្រួតពិនិត្យ និងផាកពិន័យយានយន្តដែលពុំមានផ្លាកលេខ ឬគ្មានបណ្ណបើកបរនោះទេ តែបានជំរុញលើកទឹកចិត្តឲ្យម្ចាស់យានយន្តរូតរះទៅធ្វើផ្លាកលេខ និងបណ្ណបើកបរ។
២-ចំពោះមុខ អគ្គស្នងការដ្ឋាននគរបាលជាតិបានសម្រួលនូវវិធានការត្រួតពិនិត្យដោយអនុញ្ញាតឲ្យចរាចរណ៍លើដងផ្លូវចំពោះ៖
ក.យានយន្តដែលទើបនឹងទិញ ម្ចាស់យានយន្តអាចបើកបរទៅកន្លែងផ្តល់សេវាធ្វើផ្លាកលេខដើម្បីស្នើសុំចុះបញ្ជីប្រើប្រាស់យានយន្តបានទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត-ក្រុង ទូទាំងប្រទេស។
ខ.យានយន្តដែលបានស្នើសុំចុះបញ្ជីរួចហើយមានចុងសន្លឹកបញ្ជាក់ត្រឹមត្រូវ ប៉ុន្តែពុំទាន់បានផ្លាកលេខ ឬ យានយន្តដែលទិញក្នុងលក្ខណ្ឌបង់រំលួសពុំមានឯកសារ ឬ បណ្ណសម្គាល់យានយន្តច្បាប់ដើម អាចប្រើប្រាស់ច្បាប់ថតចម្លងបាន។
៣-អគ្គស្នងការនគរបាលជាតិបានដាក់បទបញ្ជា ហាមដាច់ខាតការឃាត់យានយន្តដើម្បីត្រួតពិនិត្យឯកសារពាក់ព័ន្ធ លើកលែងតែយានយន្តប្រព្រឹត្តបទល្មើសដែលមានហានិភ័យ និងឥទ្ធិពលបង្កគ្រោះថ្នាក់ដូចបានកំណត់ក្នុងគោលការណ៍ ” ម៉ូតូ០៧ចំណុច,ឡាន០៩ចំណុច “។
៤-បញ្ហាអត្តសញ្ញាណបណ្ណ រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចបានខិតខំប្រឹងប្រែងបង្ខិតការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណជូនប្រជាជននៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងបញ្ជរនៅតាមផ្សារទំនើប AEON (រាជធានីភ្នំពេញ) ដោយឥតគិតថ្លៃ ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ រហូតមកបច្ចុប្បន្ន ដោយពុំមានការរឹតបន្តឹងអ្វីឡើយ ប៉ុន្តែត្រូវមានឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវដើម្បីបំពេញបែបបទនីតិវិធី។
៥-ចំពោះយានយន្តផ្គុំកែឆ្នៃដែលប្រជាកសិករប្រើប្រាស់ដឹកជញ្ជូនកសិផល រួមទាំងម៉ូតូចាស់ៗពុំមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ដែលពលរដ្ឋនៅទីជនបទប្រើប្រាស់ជាមធ្យោបាយទៅស្រែចំការ ពិសេសតំបន់ជនជាតិភាគតិច សម្តេចក្រឡាហោ ស ខេង ប្រធានគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រគល់ជូនក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្វើការពិចារណាពិនិត្យទិដ្ឋភាពច្បាប់ និងរៀបចំនីតិវិធីដើម្បីដោះស្រាយបញ្ហានេះ។
✓យើងខ្ញុំរង់ចាំទទួលការទិតៀនទាំងឡាយណាក្នុងន័យស្ថាបនា និងក្នុងសុឆន្ទះចូលរួមចំណែកពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប៉ុន្តែយើងខ្ញុំនឹងចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណាដែលបង្ហោះខ្លឹមសារព័ត៌មាន មានចេតនាបង្កាច់បង្ខូច និងប៉ះពាល់ដល់កិត្តិយសស្ថាបនអនុវត្តច្បាប់ ឬរារាំងដល់ការអនុវត្តច្បាប់ ឬក៏ ក្នុងបំណងញុះញង់បង្កចលាចល បំពុលបរិយាកាសសង្គម៕ដោយ៖សិលា


ចែករំលែក៖