ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​បង្ក​ហិង្សាមាន​ស្ថាន​ទម្ងន់នៅ​ភ្នំពេញហើយ​រត់គេចខ្លួននោះត្រូវនគរបាល​ចាប់ខ្លួនបាននៅ​ឧ​ត្ត​រ​មានជ័យ​

ចែករំលែក៖

 

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ជនសង្ស័យ​ដែល​បង្ក​ហិង្សា​មាន​ស្ថាន​ទម្ងន់​នៅ​ភ្នំពេញ ត្រូវ​នគរបាល​ឃាត់ខ្លួនបានហើយ ខណៈ​ដែលជននេះកំពុង​លាក់ខ្លួននៅ​ក្នុងភូមិ​មួយក្បែរ​ព្រំដែន នា​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០​។​

​សមត្ថ​កិ​ច្ចនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យដែលសហការ​ជាមួយនឹង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​អនុវត្ត​ដីការបស់​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ៖ ជនសង្ស័យ ឈ្មោះ ប្រាក់ តា​ណាន់ អាយុ​២០ ឆ្នាំ រស់នៅ​ផ្ទះ​លេខ​២៣៣ ផ្លូវលំ ក្រុម​៨ ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​បាន​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០​កន្លងទៅ នៅ​ម្តុំ​មុខ​ផ្សារ​អុីឌិន​កា​ឌិន ស្ថិតនៅ​ផ្លូវ​អ៊ែ​៦ ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ រួចហើយ​បាន​រត់គេចខ្លួនបាត់។​ប៉ុន្តែ​ទីបំផុត​កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ​រកឃើញថា ជនសង្ស័យ​ទៅ​នៅ​ចំណុច​ជើងភ្នំ​ព្រំដែន​មួយកន្លែង ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានបញ្ជូន​ទៅឱ្យកម្លាំង​ជំនាញនៃ​សាមី​កន្លែង​ជននេះ​បង្កហេតុ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ប៉ែន នួន


ចែករំលែក៖