ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានប្រកាសជូនដំណឹងដល់ពលករ-ពលការិនី សិស្ស-និស្សិតកម្ពុជា ដែលកំពុងស្នាក់នៅសិក្សា និងបម្រេីការងារនៅ ប្រទេសម៉ាឡេស៊ី ហេីយមានបំណង ត្រឡប់មកកម្ពុជា រួមទាំងអ្នកដំណេីរជន បរទេស គឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) បញ្ជាក់ថាគ្មានជំងឺកូវីដ១៩ ចេញដោយអាជ្ញាធរសុខាភិបាលប្រទេសម៉ាឡេស៊ី ដែលនេះជាវិធានការគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ ។
យោងតាមសេចក្តីជូនដំណឹងផ្លូវការស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ចុះនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានណែនាំនិងតម្រូវអោយពលរដ្ឋកម្ពុជា និងជនរទស ដែលមានបំណងត្រឡប់ចូលកម្ពុជា ត្រូវអនុវត្តតាមវិធានការដូចតទៅ៖
១. គ្រប់អ្នកដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជា គឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) បញ្ជាក់ថាគ្មានជំងឺកូវីដ១៩ ចេញដោយអាជ្ញាធរសុខាភិបាលដែលទទួលស្គាល់ដោយរដ្ឋាភិបាលម៉ាឡេស៊ី ក្នុងរយៈពេល៧២ម៉ោង។
២. អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេសដែលចូលមកប្រទេសកម្ពុជាត្រូវបញ្ជូនទៅមណ្ឌលរង់ចាំដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូរឹត១៩ និងរង់ចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។
ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើននាក់ ដែលត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩ រាល់អ្នករួមដំណើរទាំងអស់តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
ក្នុងករណីអ្នកដំណើរទាំងអស់ត្រូវបានរកឃើញអវិជ្ជមានកូវីដ១៩នោះ ពួកគាត់នឹងត្រូវអនុញ្ញាតឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល ដោយតម្រូវឲ្យធ្វើតេស្តម្ដងទៀតនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក។
ដោយឡែក ស្ថានឯកអគ្គរាជទូតសូមប្រាប់ថា រដ្ឋកម្ពុជាទាំង១៤៣នាក់ ដែលបានខកខានដំណើរកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ហើយដែលពុំទាន់បានផ្តល់ព័ត៌មានរបស់ខ្លួនមក ស្ថានទូត សូមប្រញ៉ាប់ទាក់ទងមកស្ថានទូតតាមរយៈ WhatsApp លេខ៖ + 60168594868 (កិច្ចការកុងស៊ុល) + 601126263390 (កិច្ចការពលករ) និង + 85511460505 (កិច្ចការនិស្សិត)។
ពាក់ព័ន្ធពលរដ្ឋខ្មែរដែលខកខានដំណើរខាងលេីនេះ មន្ត្រីស្ថានទូតអះអាងថានឹង កំពុងសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដើម្បីឱ្យបងប្អូនអាចធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជាវិញ បានឆាប់។ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នឹងជូនដំណឹងមកស្ថានទូតអំពីកាលបរិច្ឆេទហោះហើរនាពេលខាងមុខ។
សូមបញ្ជាក់ជូនថា ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីមានគំរោងបើកជើងហោះហើរឡើងវិញ (ម៉ាឡេស៊ី-កម្ពុជា) នៅក្នុងខែកក្កដា ឆ្នាំ២០២០ខាងមុខ ៕ ដោយ ៖ ជាយក្រុង