ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ សម្រេចបញ្ចប់មុខតំណែង លោកវរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបើកបរស្រវឹងបុកបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងហ៊ានជេរប្រមាថលោក សុខ លូ អភិបាលខេត្តកំពង់ធំ កាលពី១សប្តាហ៍មុនកន្លងទៅ ភ្ញាក់ផ្អើលអ្នកខេត្តកំពង់ធំ និងពេញបណ្តាញទំនាក់ទំនងសង្គម។
លោក រុំ សុវិជ្ជា អតីត ជានាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវបានគេរិៈគន់ថា៖ ជាជនទំនើង ទោះសម្តេចក្រឡាហោម ស ខេង ធ្លាប់ចេញលិខិតព្រមានម្តងរួចមកហើយ ជាមួយលោកស្នងការ ស្នងការរង ប៉ុន្តែបុគ្គលនេះ នៅបន្តធ្វើការតាមទម្លាប់ដដែល។
សូមបញ្ជាក់ថា៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន ចេញលិខិតផ្អាកការងារបណ្តោះអាសន្ន ខេត្តកំពង់ធំ និងធ្វើលិខិតទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដើម្បីសុំដកមុខតំណែងចោលតែម្តង។ ទីបំផុតនៅថ្ងៃទី២១ ឧសភា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង សម្រេចបញ្ចប់មុខតំណែងនាយការិយាល័យចរាចរណ៍រូបនេះពិតប្រាកដ។
សូមរម្លឹកថា៖ ទង្វើមេនគរបាលបាលចរាចរណ៍ខេត្តកំពង់ធំ ជាគំរូដ៏ អសីលធម៍បំផុត ដែលត្រូវថ្នាក់លើ ជម្រុះចោល ហើយទទួលបានការអបអរសាទរពី មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ។
នេះជាពាក្យសំដី ទង្វើមេនគរបាលបាលចរាចរណ៍ខេត្តកំពង់ធំ ប្រមាថជេដៀលអភិបាលខេត្ត យ៉ាងដូច្នេះថា៖
«អញមកពីផឹក ហ្អែងគិតមើល«អាលូ» វាធ្វើហ្នឹងមានផ្លាកអីបន្តិច…ហ្អែងមើលចៅហ្វាខេត្តហ្អែងធ្វើមានអី…ហ្អែងមើលមើល៍ អាចៅហ្វាយខេត្តនេះ អញជេវាម្ង៉ៃៗ..អញថតជេអាចៅហ្វាយខេត្តនេះមួយ…សួរវាៗធ្វើត្រូវអត់ «អាលូ» ចៅហ្វាយខេត្តហ្អែងនេះ ប្រាប់ថាអញនិយាយ…ចៅហ្វាយខេត្តអាចម៍អីទេ »។
ក្នុងសំដីដ៏អសីលធម៍នេះ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានប្រាប់អង្គភាព«នគរដ្រេហ្គន»និង«នគរវត្ត» នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នោះកន្លងទៅថា៖ ខ្ញុំបានរាយការណ៍ជូនថ្នាក់ដឹកនាំអស់ហើយ។ ទុកអោយលោកមាន វិធានការចុះ។
លោកបន្តថា៖ សូមជម្រាបថាច្រមុះជ្រូកត្រង់ហ្នឹងគឺមានយូរយារណាស់មកហើយ ខ្ញុំគ្រាន់តែកែលម្អរ ដាក់បង្គោលភ្លើងតាមដងផ្លូវនិងក្នុងសួនបន្ថែម។ ទីនោះគឺភ្លឺ មិនងងឹតទេ នេះមកពីគាត់ហូបស្រាច្រើនពេក…។
សមត្ថកិច្ចបានអោយដឹងថា៖ លោក រុំ សុវិជ្ជា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានផឹកស្រាស្ររឹងជោគជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាកលោកតាអាចារ្យលាក់ បណ្តាលឱ្យខូចខាត ហើយអ្វីដែលធ្វើឱ្យកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺមន្ត្រីនគបាលចរាចរណ៍ជាន់ខ្ពស់រូបនេះ បានស្រែកជេរ និងប្រមាថយ៉ាងធ្ងន់ៗទៅអភិបាលខេត្តកំពង់ធំលោក សុខ លូ ថា នៅទីតាំងកើតហេតុមិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឱ្យគាត់ជួបគ្រោះថ្នាក់បែបនេះ ប៉ុន្តែតាមការពិតនៅទីតាំងកើតហេតុមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានចំណាំងផ្លាតយ៉ាងពិតប្រាកដ និងជេពាក្យដ៏អាក្រក់ស្តាប់បំផុត។
ករណីនេះ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩៖១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្របពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ និងខ្លួនឯងទៀតសោតក៏មានតួទាទីជានាយការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំទៀតផង៕ដោយ៖ សុខ ខេមរា