ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៦នាក់ត្រូវនគរបាលប្រឆាំងគ្រឿងញៀនឃាត់ខ្លួននៅពីរគោលដៅផ្សេងគ្នា ដកហូតបានវត្ថុតាងថ្នាំញៀន(ICE)ចំនួន១០៥,៨៩ក្រាម

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យប្រុសស្រី៦នាក់ដែលប្រើប្រាស់និងចែកចាយនូវសារធាតុញៀនខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមជាមួយម្សៅមេតំហ្វេតាមីន(ICE) ជាច្រើនកញ្ចប់ធំនិងតូច សរុប១០៥,៨៩ក្រាម។ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងដោយកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកចែម ផានិត ស្នងការរងស្តីទី ទទួលផែនប្រឆាំងគ្រឿងញៀន និងធ្វើនៅកន្លែងពីរផ្សេងគ្នា គឺទី១-ឃាត់ខ្លួនបាន៣នាក់រួមនឹងវត្ថុតាងសារធាតុញៀន ចំនួន៣កញ្ចប់ (ធំ២ តូច១) មានទម្ងន់៨០,៦៣ក្រាម ក្នុងនោះមានស្រីម្នាក់ស្ថិតនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង វេលាម៉ោង២៣:៤០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។
ទី២-ឃាត់ខ្លួន៣នាក់បន្តទៀតរួមនឹងវត្ថុតាងសារធាតុញៀនចំនួន៣កញ្ចប់ធំ និងពីរកញ្ចប់តូច នៅវេលាម៉ោង៧ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចអូរពងមាន់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង-ខេត្តស្ទឹងត្រែង។

បើតាមរបាយការណ៍លោកចែម ផានិត ស្នងការរងស្តីទីទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា: ជនសង្ស័យទាំង៦នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្នុងនោះមានម្នាក់ជាស្រីដែលធ្វើឡើងនៅពីរកន្លែងផ្សេងគ្នា រួមនឹងវត្ថុតាងនូវសារធាតុញៀនជាច្រើនកញ្ចប់ធំនិងតូចផងដែរ។
គោលដៅទី១ធ្វើការឃាត់ខ្លួនបានចំនួន៣នាក់ក្នុងនោះមានស្រីម្នាក់ នៅវេលាម៉ោង២៣:៤០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ដែលមានទី១.ឈ្មោះខេន សុផាន់និត ភេទប្រុស អាយុ៣០ឆ្នាំ មុរបរកសិករ រស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ,ទី២.ឈ្មោះនូវ ណាន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា, ទី៣.ឈ្មោះរឿន សុជាតិ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំជាមួយគ្នា ដកហូតបានវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន ប្រភេទ(ICE) ៣កញ្ចប់ធំ និង១កញ្ចប់តូច។
គោលដៅទី២ធ្វើឡើងនៅវេលាម៉ោង៧ៈ០០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នៅចំណុចអូរពងមាន់ ភូមិរាជានុកូល សង្កាត់-ក្រុងស្ទឹងត្រែង ដោយយោងតាមចម្លើយសារភាពពីជនសង្ស័យឈ្មោះខេន សុផាន់និត បាននិយាថា ខ្លួនបានទិញពីឈ្មោះថៃ ចិត្រា(ហៅខ្លឹង) ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅអូរពងមាន់ ភូមិរាជានុកូល សង្កាត់ ក្រុង-ខេត្តស្ទឹងត្រែង ក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវរកឃើញវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាម៉ីន(ICE) ៣កញ្ចប់ធំ និង១កញ្ចប់តូច ទើបឈានដល់ឃាត់ខ្លួនតែម្តង រួចក៍ឈានដល់ឃាត់ខ្លួនអ្នកពាក់ព័ន្ធ២នាក់ផ្សេងទៀត ទី១.ឈ្មោះឆាំ ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិរាជានុកូល សង្កាត់ -ក្រុង-ខេត្តស្ទឹងត្រែង ទី២.ឈ្មោះកង វាន់ឌី ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិរាជានុកូល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង ឆែកឆេររកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ១កញ្ចប់តូច បន្ថែមទៀត សរុប៦កញ្ចប់ធំ និង៣កញ្ចប់តូច ទម្ងន់ស្មើនឹង១០៥,៨៩ក្រាម។
លោកបន្តថា ជនសង្ស័យទាំង៦នាក់ក្រោយការធ្វើតេស្តទឹកនោម សុទ្ខតែជាអ្នកប្រើប្រាស់នូវសារធាតុញៀនពិតប្រាកដ។
លោកបញ្ជាក់ទៀតថា ក្នុងនោះ មាន៣នាក់ជាអ្នកចែកចាយ និង៣នាក់ទៀតប្រើប្រាស់ រួមទាំងដកហូតនូវអាវុធកែច្នៃបាញ់គ្រាប់កង់ពីរដើមផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជុនខ្លួនជនសង្ស័យទាំង៦នាក់ និងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិីតិវិធីច្បាប់៕

 

ដោយ៖មាស សុផាត


ចែករំលែក៖