ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយជ្រកក្រោមដំបូល Town មួយទសវត្សរ៍ខេម ស្ពាយបង្វិច ទៅកាន់ Galaxy Navatra ហើយ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយជ្រកក្រោមទ្រនំផលិតកម្មទីក្រុងភាពយន្ត ឬ Town អស់រយៈពេលជាច្រើនឆ្នាំ​តារាចម្រៀងល្បីឈ្មោះ ខេម បានសម្រេចចិត្តស្ពាយបង្វិចចេញពីផលិតកម្មនេះហើយ ដែលទ្រនំបន្ទាប់គឺជាផលិតកម្មរបស់លោកឧកញ៉ាវ័យក្មេង គឺផលិតកម្ម Galaxy Navatra។
​តារាចម្រៀងខេម មានឈ្មោះពិតថា ប៉ុន សុណារិន ត្រូវបានគេទម្លាយ​ថាបានដើរ​ចេញពីផលិតកម្មថោនដែលលោកធ្លាប់ជ្រកអស់១ទសវត្សរ៍មកហើយនេះបន្ទាប់ពីមានការភ្ញាក់ផ្អើលកាលពីឆ្នាំមុនថាតារាចម្រៀងរូបនេះបានបញ្ចប់ការងារពីផលិតកម្មនេះព្រោះតែអន់ចិត្តនឹងការមិនយកចិត្តទុកដាក់ និងមិនមានបទថ្មីល្អដូចពេលមុន។ ទោះមិនទាន់មានការ​បញ្ចេញ​បទចម្រៀងនៅផលិតកម្មថ្មីជាផ្លូវការក្តីក៏តាមប្រភពដែលជិតដិតនឹងអ្នកនិពន្ធម្នាក់​នៅផលិតកម្ម Galaxy Navatra បានលើកឡើងថា ខេម ពិតជាចាកចេញពីផលិតកម្មTown មែនគឺរយៈពេលជាច្រើនខែមកហើយ។ ប្រភពបន្តថាបទចម្រៀងថ្មីរបស់ ខេម ក៏ត្រៀម​បញ្ចេញក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។ ប្រភពដដែលលើកឡើងដែរថា ការចាកចេញ​របស់​ខេម ពីផលិតកម្មចាស់ អាចចាត់ទុកថាជាការអស់និស្ស័យ ស្របពេលដែលទំនាក់​ទំនង​របស់តារាចម្រៀងរូបនេះ និងថៅកែផលិតកម្ម Galaxy Navatra ចាប់ផ្តើមជិតស្និទ្ធ​ខ្លាំងឡើង ពិសេសក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ហើយតារាចម្រៀងរូបនេះនឹងក្លាយជា​គ្រាប់ពេជ្រ​ថ្មីរបស់​ផលិតកម្មនេះ។

មានការលើកឡើងដែរថា ខេម ជាតារា​ចម្រៀង​ល្បី មានសមត្ថភាព អាចនឹងនៅ​តែរក្សាបានប្រជាប្រិយភាពជួរមុខដដែល ខណៈផលិតកម្មថ្មី​ក៏ប្រមូលផ្តុំដោយអ្នកនិពន្ធឆ្នើម ដែលអាចបន្តរុញច្រានឲ្យតារាចម្រៀងវ័យ៣៥ឆ្នាំរូបនេះលេច​មុខ​មាត់​ជាថ្មីម្តងទៀត។
​គួរបញ្ជាក់ដែរថា ចូលប្រឡូកក្នុងអាជីពសិល្បៈចាប់ពីអំឡុងឆ្នាំ២០០៧ ដោយលោក​ចូល​រួម​ក្នុងកម្មវិធីមួយរបស់ទូរទស្សន៍CTN ។ ក្រោយទទួលបានជ័យលាភី ជាតារាចម្រៀង​ឆ្នើម​លោកក៏ចាប់ផ្តើមមានឱកាសចេញច្រៀង ដោយចាប់ផ្តើមមានអ្នកស្គាល់តាមរយៈ​ការ​ច្រៀងជាក្រុមមួយឈ្មោះថា Boy Band ។ ក្រោយចប់កុងត្រា១ឆ្នាំ នៅទូរទស្សន៍ CTN លោកបានចូលច្រៀងនៅផលិតកម្ម Time ប៉ុន្តែហាក់មិនទទួលបានការជោគជ័យ។ ក្រោយចប់​កិច្ច​សន្យាជាមួយផលិតកម្មនេះ ក្នុងឆ្នាំ២០១០ លោកបានចាប់ផ្តើមចូលច្រៀងក្នុង​ផលិតកម្ម​Town រហូតក្លាយជាតារាចម្រៀងលំដាប់ជួរមុខមួយនៅកម្ពុជា៕ដោយ៖វឌ្ឍនា


ចែករំលែក៖