ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍បឹងទំពុនទី១ឃាត់ខ្លួនបុរសម្នាក់ ករណីប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូគេ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងទំពុនទី១ដែលចុះល្បាតប្រទះឃើញ ក៏ពួនស្ទាក់ឃាត់ខ្លួនបានកាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវលំក្នុងភូមិសន្សំកុសល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អឿន សុភ័ក្រ្ក អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និង មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។

វត្ថុតាងដកហូតរួមមាន ដែកមុខស្រួចរាងសំប៉ែតចំនួន០១ ដើម សោបំពង់ទីបលេខ៨ចំនួន០១ដើម និងដែកឆាបចំនួន០១ដើម ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុនទី១ បានសហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យជិះល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ពេលទៅដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យកំពុងដើរតាមផ្លូវម្នាក់ឯង។ ដោយមានការសង្ស័យ សមត្ថកិច្ចបានឃាត់ត្រួតពិនិត្យឆែកឆេររកឃើញឧបករណ៍សម្រាប់កាច់សោ.កម៉ូតូមួយចំនួនដែលលាក់ទុកជាប់ខ្លួន  ពេលនោះសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យយកទៅសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពុនទី១ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ជ្រោយពេជ្រ


ចែករំលែក៖