ប្រទេសហ្វីលីពីន៖ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បាននិយាថា ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ សង្កត់ធ្ងន់ថា៖«ត្រូវមានវ៉ាក់សាំងសិន។ ប្រសិនបើមានហើយ លោកនឹងអនុញ្ញាតបើកសាលាឡើងវិញ។ ប្រសិនបើគ្មាននរណារៀនចប់ថ្នាក់ទេនោះ (គ្រប់គ្នា)ត្រូវព្រមទទួលស្គាល់ការពិតបែបនេះ»។
លោកប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ថា លោកនឹងមិនអនុញ្ញាតឲ្យសិស្សឬនិស្សិតត្រលប់ទៅសាលារៀនវិញឡើយ ពោលគឺរហូតដល់មានវ៉ាក់សាំង COVID-19។ ជំនួសឲ្យចូលអង្គុយរៀនក្នុងថ្នាក់ ក្រសួងអប់រំហ្វីលីពីន បានប្រកាសយកការបង្រៀនតាមអនឡាញទៅប្រើសម្រាប់ឆ្នាំសិក្សាខាងមុខ ។
សិស្សហ្វីលីពីន បានកំណត់ឲ្យត្រលប់ទៅសាលារៀនពួកគេវិញនាចុងខែសីហាខាងមុខ ក្រោយថ្នាក់រៀនសម្រាប់សិស្សកម្រិតបឋមសិក្សានិងអនុវិទ្យាល័យជាង២៥លាននាក់ បានបិទទ្វារក្នុងខែមីនា នៅពេល COVID-19 បានផ្ដើមរាលដាលក្នុងប្រទេសនេះ។
ក៏ប៉ុន្តែក្នុងសុន្ទរកថាដែលចាក់ផ្សាយតាមទូរទស្សន៍កាលពីថ្ងៃទី២៥ខែឧសភា លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ និយាយថា ហានិភ័យឆ្លងCOVID-19 គឺនៅខ្ពស់ណាស់។ លោកបកស្រាយដូច្នេះថា៖«ប្រសិនបើខ្ញុំមិនប្រាកដថា ពួកគេ (សិស្ស) មានសុវត្ថិភាពទេនោះ វាគ្មានប្រយោជន៍អ្វីដែលនិយាយអំពីការបើកថ្នាក់រៀនឡើងវិញនោះឡើយ»។
នៅហ្វីលីពីន ជាធម្មតា សាលារៀនរដ្ឋ តែងដំណើរការចាប់ពីខែមិថុនាទៅខែមេសា ក៏ប៉ុន្តែអាជ្ញាធរលើកពេលពិធីបើកបវេសនកាល ខណៈករណីឆ្លងCOVID-19 កើនឡើង ហើយបញ្ជាបិទប្រទេសតឹងរ៉ឹងផ្អាកសកម្មភាពស្ទើរមួយប្រទេស។
ជំនួសឲ្យចូលអង្គុយរៀនក្នុងថ្នាក់ ក្រសួងអប់រំហ្វីលីពីន បានប្រកាសពីវិធានការសិក្សាពីចម្ងាយ ដូចជា ថ្នាក់រៀនតាមអនឡាញ ។ វិធីសាស្ត្របែបនេះ បើតាមក្រសួង នឹងត្រូវប្រើប្រាស់សម្រាប់ឆ្នាំសិក្សានាពេលខាងមុខ។
បញ្ហាប្រឈមគឺមានសម្រាប់ការសិក្សាតាមអនឡាញ។ ប្រជាជនហ្វីលីពីនរាប់លាននាក់ កំពុងរស់នៅក្នុងភាពក្រីក្រតោកយ៉ាក ហើយពួកគេគ្មានឧបករណ៍អេឡិចត្រូនិកទំនើបៗ ដូចជា កុំព្យូទ័រ ជាដើម នៅផ្ទះពួកគេឡើយ ដែលជាសម្ភារដ៏សំខាន់សម្រាប់សិក្សាថ្នាក់រៀនតាមអនឡាញ៕ដោយ៖ស តារា